សន្ដិសុខសង្គម

ប្លន់ម៉ូតូនៅកំពង់ស្ពឺ អាវុធហត្ថចាប់បាននៅភ្នំពេញរួចបញ្ជូនទៅតុលាការ​

ភ្នំពេញ​៖​មុខសញ្ញាប្លន់ម៉ូតូនៅខេត្តកំពង់ស្ពឺ ត្រូវកម្លាំងអាវុធហត្ថចាប់បាននៅរាជធានីភ្នំពេញ ហើយកសាង សំណុំរឿងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា។

មន្ត្រី​​អាវុធហត្ថ​បានឱ្យដឹងថា​ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែឧសភា នៅផ្លូវជាតិលេខ៣ ក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនសង្ស័យមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៥គ្រឿង បានគំរាមកាប់សម្លាប់រួចប្លន់យកម៉ូតូពីជនរងគ្រោះរួចជិះគេចខ្លួនបាត់។ម៉ូតូ១គ្រឿងដែលចោរប្លន់នោះម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1KB-0837 ។

នៅថ្ងៃទី២៩ ខែឧសភា ម្ចាស់បានប្តឹងអាវុធហត្ថរាជធានីភ្នំពេញអំពីករណីចោរប្លន់ម៉ូតូ។ក្រោយពីទទួលបណ្តឹង កម្លាំងអាវុធហត្ថបានបើកការស្រាវជ្រាវ រហូតឃើញម៉ូតូជនរងគ្រោះត្រូវបានបុរសម្នាក់កំពុងជិះនៅលើផ្លូវ ត្រង់រង្វង់មូលកួរស្រូវក្នុងខណ្ឌដង្កោ។

ភ្លាមនោះកម្លាំងអាវុធហត្ថខណ្ឌដង្កោជាមួយនគរបាលបានបើកម៉ូតូតាម រហូតមកដល់ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈុន សុខនៅ អាយុ៣៧ឆ្នាំជាមួយម៉ូតូដែលជារបស់ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យដោះផ្លាកលេខចេញដើម្បីបំបាត់ភស្តុតាង។

បន្ទាប់ពីចាប់បានជនសង្ស័យខាងលើ សមត្ថកិច្ចរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ជាមួយនោះផ្នែកជំនាញបានបន្តស្រាវជ្រាវ ស្វែងរកអ្នកពាក់ព័ន្ធយកមកចាត់ការតាមច្បាប់៕