អន្តរជាតិ

ប្រធានសហភាពអឺរ៉ុបសុំណាតូគួរតែឲ្យសិទ្ធិសមាជិកភាពទៅអ៊ុយក្រែន

ដោយ៖តុលា

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអំពាវនាវសុំអង្គការណាតូគួរតែផ្តល់សិទ្ធិសមាជិកភាពដល់អ៊ុយក្រែន សុំឲ្យប្រើទម្រង់យុទ្ធសាស្រ្តរារាំង។

ប្រធានគណៈកម្មការសហភាពអឺរ៉ុប Ursula von der Leyen បានស្នើសមាជិកណាតូគួរតែផ្តល់ការធានាសន្តិសុខអ៊ុយក្រែនក្នុងទម្រង់នៃ“ការរារាំងដោយការបដិសេធ” មានន័យជាមធ្យោបាយមួយជួយការពារខ្លួន ការពារសមាជិកភាពណាតូ ដែលរួមមានទាំងការដាក់ពង្រាយទ័ព និងអាវុធជាដើម។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសន្តិសុខនៅទីក្រុង Bratislava ប្រទេសស្លូវ៉ាគីថា ទម្រង់នេះអាចត្រូវបានធ្វើដោយការផ្តល់នូវ “ឧបករណ៍យោធាដែលអាចពង្រឹងអ៊ុយក្រែនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីនាពេលអនាគត”។

លោកស្រី​បាន​សង្កត់​ធ្ងន់​ថា​ត្រូវ​តែ​ប្រាកដ​ថា “មិត្ត​របស់​អ៊ុយក្រែន​នឹង​នៅ​ទីនោះ​ក្នុង​រយៈពេល​វែង ដើម្បីធានាសន្តិសុខ”។ អ៊ុយក្រែនបានស្វែងរកសមាជិកភាពជាយូរយារណាស់មកហើយនៅក្នុងអង្គការ NATO ដែលតាមរយៈមាត្រា ៥ នៃសន្ធិសញ្ញារបស់ខ្លួនធានាការសងសឹកដោយរដ្ឋសមាជិកទាំងអស់ ប្រសិនបើប្រទេសសមាជិកណាមួយត្រូវបានវាយប្រហារដោយរដ្ឋមួយនៅខាងក្រៅសម្ព័ន្ធមិត្ត ៣១ ប្រទេស។

លោកស្រី Leyen បាននិយាយម្តងហើយម្តងទៀតនូវជំហរពីមុនរបស់លោកស្រីប្រឆាំងនឹងផែនការសន្តិភាពសម្រាប់អ៊ុយក្រែនដោយផ្អែកលើជម្លោះជាប់គាំងជាមួយរុស្ស៊ីដោយព្រមានថា ការគំរាមកំហែងនៃការឈ្លានពានម្តងទៀតរបស់រុស្ស៊ីនឹងនៅតែមានមិនចេះចប់ឡើយ រហូតទាល់តែកងទ័ពនិងឧបករណ៍រុស្ស៊ីទាំងអស់ត្រូវបានដកចេញពីដីអ៊ុយក្រែនទាំងស្រុងតែម្តង៕

ប្រភព៖ CNBC