អន្តរជាតិ

អាម៉េរិកនឹងប្រកាសកញ្ចប់ជំនួយ ៣០០ លានដុល្លារសម្រាប់អ៊ុយក្រែន

ដោយ៖តុលា

សហរដ្ឋអាម៉េរិកនឹងប្រកាសកញ្ចប់ជំនួយថ្មី ៣០០លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែននៅថ្ងៃពុធទី ៣១ ខែឧសភា ខណៈនឹងរួមបញ្ចូលគ្រាប់កាំជ្រួចសម្រាប់ប្រព័ន្ធការពារដែនអាកាសPatriot ។

នេះបើយោងទៅតាមមន្រ្តីអាម៉េរិកប្រាប់ទៅកាន់ប្រភពសំឡេងសហរដ្ឋអាម៉េរិក ឬហៅថាVoice of America។ កញ្ចប់ជំនួយនេះក៏រួមបញ្ចូលទាំងមីស៊ីលសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ (HIMARS) និងគ្រាប់រំសេវ, រថក្រោះ និងអាវុធប្រឆាំងពាសដែកជាច្រើនទៀត ក្រៅតែកាំជ្រួចសម្រាប់ MIM-104 Patriot។

គ្រាប់បែកផ្សេងទៀតរួមមានគ្រាប់រ៉ុក្កែតយន្តហោះគ្មានអ្នកបើក Zuni និងកាំជ្រួច AIM-7 ដែលដឹកនាំដោយរ៉ាដាពីអាកាសទៅអាកាស។ លើសពីនេះសហរដ្ឋអាម៉េរិកក៏ត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស Avenger និងប្រព័ន្ធមីស៊ីល Stinger ពីដីទៅអាកាសផងដែរ។

កញ្ចប់ជំនួយចុងក្រោយបង្អស់នេះគ្រោងប្រកាសនៅថ្ងៃពុធនេះ គឺជាលើកទី ៣៩ហើយចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលរដ្ឋបាលសេតវិមានស្ថិតក្រោមបញ្ជាលោកបៃដិនបាននាំយកសម្ភារយោធាអាម៉េរិកចេញពីស្តុកអាវុធដ៏ក្រាស់ក្រែលរបស់ក្រសួងការពារជាតិអាម៉េរិក៕

ប្រភព៖ ALJAZEERA