ដោយ៖តុលា
អង្គការអាតូមិកអន្តរជាតិបានប្រកាសចុងក្រោយសុំឲ្យរុស្ស៊ី និងអ៊ុយក្រែនមេត្តាការពាររោងចក្រនុយក្លេអ៊ែរ Zaporizhzhiaឲ្យមែនទែន ខណៈដែលគ្រោះថ្នាក់វិទ្យុសកម្មសឹងតែធ្លាយចេញម្តងៗហើយ។
ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ លោក Rafael Grossi បានស្នើឱ្យអ៊ុយក្រែន និងរុស្ស៊ីគោរពគោលការណ៍ស្នូលចំនួន ៥ ដើម្បីការពាររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងថា លោកមិនទាន់ទទួលបានកិច្ចព្រមព្រៀងស្តីពីការការពាររោងចក្រនេះនៅឡើយទេពីភាគីទាំងពីរ។
លោកបាននិយាយថា ស្ថានភាពសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរនៅរោងចក្រថាមពល Zaporizhzhia “បន្តមានភាពផុយស្រួយ និងគ្រោះថ្នាក់បំផុត”។ “កន្លងមកមានករណីប្រាំពីរដងហើយបានកើតឡើង នៅពេលដែលរោងចក្រនេះបានបាត់បង់ថាមពលទាំងអស់ ហើយត្រូវពឹងផ្អែកលើម៉ាស៊ីនម៉ាស៊ូតសង្គ្រោះបន្ទាន់ ដែលជាខ្សែការពារចុងក្រោយបង្អស់ប្រឆាំងនឹងគ្រោះថ្នាក់នុយក្លេអ៊ែរ”។
ក្នុងចំណោមគោលការណ៍ស្នូលទាំង៥នោះ រោងចក្រថាមពលមិនត្រូវបានប្រើជាមូលដ្ឋានសម្រាប់អាវុធធុនធ្ងន់ដូចជាគ្រាប់រ៉ុក្កែតច្រើន ប្រព័ន្ធកាំភ្លើងធំ និងគ្រាប់បែកនិងរថក្រោះ ឬសម្រាប់បុគ្គលិកយោធាដែលអាចប្រើសម្រាប់ការវាយប្រហារពីរោងចក្រឡើយ៕
ប្រភព៖ ALJAZEERA