សន្ដិសុខសង្គម

សមត្ថកិច្ចចាប់បុរសម្នាក់យកលុយក្រុមហ៊ុនជិត៤០លានរៀលទៅលេងល្បែងចាញ់អស់

កណ្ដាល៖កាលពីថ្ងៃទី៣០ ខែឧសភា សមត្ថកិច្ចបានចាប់បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ យកលុយពីអតិថិជនជិត៤០លានរៀល តែមិនប្រគល់ឱ្យក្រុមហ៊ុន បែរយកទៅលេងល្បែងចាញ់អស់។ករណីនេះបានកើតឡើងនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ាង ធារិទ្ធ អាយុ២៩ឆ្នាំ ជាមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ចំណែកស្ត្រីរងគ្រោះឈ្មោះ ពុំ សេរីវិទ្យា  ហៅឌី អាយុ៥៩ឆ្នាំ ជាប្រធានសាខាជាន់ខ្ពស់អម្រឹតសាខាព្រែកតាមាក់ នៅភូមិព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីដដែលបានបន្តថា ជនសង្ស័យបានចូលបម្រើការងារនៅស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតជាង២ឆ្នាំមកហើយ ដោយទទួលផ្នែកទំនាក់ទំនងអតិថិជន រៀបចំឯកសារឱ្យអតិថិជនខ្ចីប្រាក់និងទទួលប្រាក់ការ និងប្រាក់ដើមពីអតិថិជនបង់ឱ្យគ្រឹះស្ថានវិញ។

កាលពីខែសីហា ឆ្នាំ២០២២ ជនសង្ស័យបានទទួលប្រាក់ដើមពីអតិថិជនចំនួន១៧នាក់ ដែលពួកគាត់យកមកបង់ផ្តាច់ឱ្យគ្រឹះស្ថាន។ជនសង្ស័យបានប្រមូលប្រាក់ទាំងនោះពីអតិថិជន ចំនួន១៧នាក់សរុបទឹកប្រាក់៣៩.៦៩០.០០០រៀល។ជនសង្ស័យយកប្រាក់ទាំងនោះទៅសងគេ និងយកទៅលេងល្បែងភ្នាល់បាល់ចាញ់អស់។

មកដល់ថ្ងៃទី២៩ ឧសភា២០២៣ ប្រធានសាខាជាន់ខ្ពស់អម្រឹតបានហៅជនសង្ស័យមកសាកសួរ។ ជនសង្ស័យបានសារភាពថា ខ្លួនបានយកប្រាក់ចំនួនជិត៤០លានរៀលពីអតិថិជន១៧នាក់ពិតប្រាកដមែន។ថ្ងៃទី៣០ ខែឧសភា ២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង និងនាំជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តតាមច្បាប់៕