សន្ដិសុខសង្គម

រកឃើញអ្នកបើកបរ៣នាក់មានសារធាតុញៀនចំណោម១៦០នាក់

ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង៖សមត្ថកិច្ចបានរកឃើញអ្នកបើកបររថយន្តដឹកទំនិញ៣នាក់ មានផ្ទុកសារធាតុញៀនចំណោមអ្នកបើកបរ ១៦០នាក់ គ្រាដែលសមត្ថកិច្ចចុះពិនិត្យនៅ២ទីតាំង ក្នុងស្រុកកំរៀងខេត្តបាត់ដំបង។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឱ្យដឹងថា ក្រោមកិច្ចសហការចុះចល័តត្រួតពិនិត្យ បង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់រវាងកម្លាំងប្រឆាំងគ្រឿងញៀន ជាមួយសមត្ថកិច្ចមូលដ្ឋាន។កាលពីថ្ងៃទី៣០ ខែឧសភា សមត្ថកិច្ចបានចុះត្រួតពិនិត្យលើអ្នកបើកបរ និងយានយន្តគ្រប់ប្រភេទ លើគោលដៅចំនួន ២ទីតាំងនៅក្នុងតំបន់ព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង។

យុទ្ធនាការចុះត្រួតពិនិត្យនេះកំណត់លើរថយន្តធុនតូច ធំ ពិសេសយានយន្តដឹកទំនិញឆ្លងដែនពីតំបន់ព្រំដែន ចូលក្នុងទីផ្សារទីប្រជុំជនក្រុងបាត់ដំបង ទីក្រុងភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានាជុំវិញប្រទេស។ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យលើយានយន្តសរុប ៣៩២គ្រឿង ម៉ូតូចំនួន ១៥២គ្រឿង អ្នកបើកបរចំនួន១៦០នាក់។ ក្នុងនោះបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន៣នាក់។អ្នកបើកបរខាងលើក្រោយការធ្វើតេស្តរកឃើញសារធាតុញៀន កម្លាំងនគរបាលបានរៀបចំសំណុំរឿងចាត់ការតាមច្បាប់៕