ដោយ៖តុលា
មហាសេដ្ឋីអាម៉េរិក លោក Elon Musk បានដំណើរទស្សនកិច្ចថ្ងៃទី២ក្នុងប្រទេសចិន ដោយបានធ្វើដំណើរទៅកាន់ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្មចិននៅថ្ងៃពុធនេះ។
នាយកប្រតិបត្តិ Tesla Inc (TSLA.O) និងជាមហាសេដ្ឋីរូបនេះ បានចាកចេញពីសណ្ឋាគាររបស់គាត់នៅព្រឹកថ្ងៃពុធទី ៣១ ខែឧសភា ដែលជាថ្ងៃទី២នៃដំណើរទស្សនកិច្ច ហើយអមដោយអ្នកនាង Grace Tao ប្រធានកិច្ចការសាធារណៈដែលមានមូលដ្ឋាននៅប្រទេសចិន Tesla និង លោក Tom Zhu ប្រធានផ្នែកផលិតកម្មសកល។
យោងតាមសារព័ត៌មានរ៉យទ័រ នៅក្រសួងពាណិជ្ជកម្មចិន គាត់ មានការចាប់ដៃជាមួយរដ្ឋមន្ត្រី Wang Wentaoផងដែរ។ បន្ទាប់មក លោកបានធ្វើទស្សនកិច្ចទៅកាន់ក្រសួងឧស្សាហកម្ម និងព័ត៌មាន ដែលមានការត្រួតពិនិត្យបទប្បញ្ញត្តិនៃឧស្សាហកម្មរថយន្ត។
Tesla និងក្រសួងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់លើការពិភាក្សាជាមួយ Musk ទេ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Musk ទៅកាន់ប្រទេសចិនក្នុងពេលនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន និងភាពមិនច្បាស់លាស់មួយចំនួននៃផែនការពង្រីកសម្រាប់រោងចក្រនៅសៀងហៃ៕
ប្រភព៖ REUTERS