អន្តរជាតិ

ហ្សេឡិនស្គីព្រមានថាពេលវេលាផ្តួលរុស្ស៊ីដើម្បីរំដោះទឹកដីខ្លួនវិញបានមកដល់

ដោយ៖តុលា

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បានបញ្ជាក់ថា ពេលវេលាវាយបកផ្តួលរុស្ស៊ីដើម្បីរំដោះទឹកដីដែលរុស្ស៊ីលេបយកនោះវាបានមកដល់ហើយ ទាំងកម្លាំងទ័ព និងគ្រាប់រំសេវក៏បានរៀបចំរួចរាល់ហើយដែរ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយបែបនេះកាលពីយប់ថ្ងៃចន្ទ ទី ២៩​ខែឧសភា ឆ្នាំ២០២៣។ យោងតាមប្រភពដកស្រង់ពីស៊ីអិនអិន ការសម្រេចចិត្តមួយនេះ ត្រូវបានធ្វើឡើងទៅលើពេលវេលានៃការវាយលុករបស់អ៊ុយក្រែន ខណៈដែលសម្រង់សម្ដីលោកស្គីបាននិយាយថា “ដូចធម្មតា អគ្គមេបញ្ជាការ និងមេបញ្ជាការនៃទិសដៅប្រតិបត្តិការបានរាយការណ៍ទៅបុគ្គលិកអស់ហើយ” ។ “មិនត្រឹមតែការផ្គត់ផ្គង់គ្រាប់រំសេវប៉ុណ្ណោះទេ មិនត្រឹមតែការហ្វឹកហ្វឺនកងពលតូចថ្មីប៉ុណ្ណោះទេ មិនត្រឹមតែយុទ្ធសាស្ត្ររបស់យើងប៉ុណ្ណោះទេ ថែមទាំងពេលវេលាផងដែរ។ នេះជាពេលវេលាដែលសំខាន់បំផុត។ ពេលវេលានៃរបៀបដែលយើងនឹងឆ្ពោះទៅមុខ”។

យ៉ាងណាក្តី គេពុំអាចលម្អិតបន្ថែមថាតើកាលបរិច្ឆេទថ្ងៃណា ខែណាឲ្យបានច្បាស់ពីលោក Zelensky នោះទេ។ បច្ចុប្បន្នស្ថានភាពសង្រ្គាម រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមីស៊ីលមកលើរដ្ឋធានី និងទីក្រុងជាច្រើនរបស់អ៊ុយក្រែន។ ការប្រយុទ្ធគ្នាក៏ត្រូវបានរាយការណ៍មកហូរហែនៅតាមខ្សែបន្ទាត់ជួរមុខភាគខាងកើតនៃប្រទេស ពោលគឺតំបន់បាក់មុត​ ខេត្តដូណេត៕

ប្រភព៖ REUTERS