សន្ដិសុខសង្គម

អាវុធហត្ថនាំចិន៤នាក់យកទៅសាកសួរក្រោយចាប់មនុស្សបញ្ចូលរថយន្ត

ដោយ៖វិចិត្រ

ព្រះ​សីហ​នុ៖កម្លាំង​កងរាជអាវុធហត្ថ​ បាន​នាំ​បុរសជនជាតិចិន​៤​នាក់​យក​ទៅ​សាកសួរ​ ក្រោយមានរូបភាព​បង្ហាញពីការចាប់បង្ខំមនុស្សរុញបញ្ចូលទៅក្នុងរថយន្តទំនើបមួយគ្រឿង។ករណី​នេះបានកើតឡើងនៅមុខ​សណ្ឋាគារមួយក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៣។

មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ក្រោយមានរូបភាពបង្ហាញពីការចាប់បង្ខំមនុស្សរុញបញ្ចូលទៅក្នុងរថយន្ត កម្លាំងជំនាញបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​​ចំនួន​៤​នាក់​យកទៅ​សាកសួរ។

ក្រុមនេះបាន​បាន​ឆ្លើយ​ថា បុរសដែលចាប់បញ្ចូលឡានជា​ដៃគូ​​ផឹកស៊ីជាមួយគ្នា។ពេលស្រវឹង​ពួកគេហៅ​​ទៅ​ផ្ទះ​វិញ តែ​បុរស​រូប​នោះ​មិន​ព្រមទៅ ក៏​បង្ខំចិត្ត​ចាប់​រុញ​ចូល​ក្នុង​រថយន្ត​តែ​ម្ដង។ការឆ្លើយរបស់ក្រុមចិននេះជា​ជំហាន​ដំបូង​​ប៉ុណ្ណោះ។មន្ត្រីអាវុធហត្ថខេត្តបាន​បញ្ជាក់​​ថា បើ​ទោះជា​យ៉ាងណា​ កម្លាំង​ជំនាញ​​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​សាកសួរបន្ថែម​ទៀត។

​ប្រភពដដែលបានបន្តថា បន្ទាប់ពី​​ឃាត់ខ្លួន​មនុស្ស​៤​នាក់​នោះ កម្លាំងជំនាញបាន​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​រួម​នឹង​វត្ថុ​តាង​ជា​ច្រើន​ទៀត។ប៉ុន្តែ​​មិន​​អាច​បញ្ជាក់​បាន​ថា ​កាំភ្លើង​ដែល​​រក​ឃើញ​នេះ​វា​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណីបទល្មើសឬយ៉ាងណាទេ៕