សន្ដិសុខសង្គម

ស្រ្តីថៃដើរបេះបន្លែជាន់មីនផ្ទុះដាច់ជើង យោធាខ្មែរទៅជួយជាន់មីនផ្ទុះទៀត របួសធ្ងន់ទាំង២នាក់

ដោយ៖វិចិត្រ

បន្ទាយមានជ័យ៖ស្ត្រីថៃម្នាក់បានដើរបេះបន្លែតាមព្រំដែនក៏ជាន់មីនផ្ទុះបណ្តាលឱ្យដាច់ជើងម្ខាង។រីឯយោធាខ្មែរនៅជិត ទីនោះបានឆ្ការព្រៃចូលទៅជួយសង្គ្រោះ ស្រាប់តែជាន់មីនផ្ទុះមួយគ្រាប់ទៀតក៏រងរបួសធ្ងន់ទាំង២នាក់តែម្ដង។

គ្រោះអកុសលនេះបានកើតឡើងនៅត្រង់ចន្លោះបង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែឧសភា។

កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឱ្យដឹងថា មុនកើតហេតុ មានស្ត្រីថៃម្នាក់ឈ្មោះ សំរឹទ្ធ រ៉ៃរឿន អាយុ៤៦ឆ្នាំ នៅភូមិឃុំខាងលើ បានដើរបេះបន្លែក្នុងព្រៃតាមព្រំដែនតំបន់កើតហេតុ ក៏បានជាន់មីនផ្ទុះបណ្តាលឱ្យដាច់ជើងឆ្វេងរងរបួសធ្ងន់។

បន្ទាប់មានសំឡេងគ្រាប់មីនផ្ទុះ កម្លាំងយោធាអភិវឌ្ឍន៍សហការជាមួយកម្លាំងដោះមីនកម្ពុជា និងទាហានឈុតខ្មៅថៃកងរយ1203 ដែលប្រចាំការនៅជិតនោះ ក៏ចូលទៅជួយជនរងគ្រោះ។ ស្រាប់តែមន្ត្រីយោធាតំបន់អភិវឌ្ឍន៍ម្នាក់ឈ្មោះ សេង ឆន អាយុ៤០ឆ្នាំ បានជាន់ចំគ្រាប់មីនផ្ទុះមួយគ្រាប់ទៀតត្រូវដៃនិងភ្នែករងរបួសធ្ងន់ធ្ងរទាំង២នាក់។

ពេលនោះកងកម្លាំងបានជួយបញ្ជូនយោធារងរបួសទៅមន្ទីរពេទ្យភូមិភាគ៥ ព២ ខេត្តបាត់ដំបង។ចំណែកស្ត្រីថៃរងគ្រោះនោះត្រូវបានទាហានថៃដឹកទៅសង្រ្គោះនៅប្រទេសគេដែរ៕