ព័ត៌មានជាតិ, សេដ្ឋកិច្ច

បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង​

​ដោយៈ​សិរីមតី​
​ភ្នំពេញ​៖​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិ​ន្ត្រៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់ កណ្តាល​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៣​ បាន​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​។​

​នាឱកាស​នោះដែរ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ឱកាស​របស់​យុវជន​បច្ចុប្បន្ន ដែល​កំពុង​រស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​បាន​សិក្សា​រៀនសូត្រ​អភិវឌ្ឍ​សមត្ថភាព ក្រោម​ម្លប់​នៃ​សុខសន្តិភាព ស្ថិរភាព និង​សិទ្ធ​សេរីភាព​គ្រប់បែបយ៉ាង គឺ​កើតឡើង​ដោយសារ​ការលះបង់ និង​វីរភាព​របស់​យុវជន​ជំនាន់​មុន ហើយក៏​ជា​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន​ផងដែរ​។ យុវជន​ជំនាន់​មុន គឺជា​ជំនាន់​យុវជន​ដែល​បាន​បាត់​ឱកាស​ដោយសារ​ប្រទេស​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាម​បែកបាក់ និង​មាន​ហានិភ័យ​ដល់​អាយុជីវិត​គ្រប់ពេលវេលា ក៏ប៉ុន្តែ​ជា​យុវជន​ជំនាន់​គំរូ​ប្រកបដោយ​លក្ខណ សម្បត្តិ ៣​យ៉ាង គឺ​៖ ទី​១. ក្តីសង្ឃឹម គឺ​មិន​អង្គុយ​បន់ព្រះ​រង់ចាំ​សេចក្តីស្លាប់​ពីរ​បប​ប៉ុលពត​ឡើយ​, ទី​២. មានការ​តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន និង​ទី​៣. មាន​ចក្ខុវិស័យ​ដឹកនាំ​ច្បាស់លាស់​ក្នុង​ការរំដោះ​ប្រទេសជាតិ​, ស្តារ​កសាង​ជាតិ​, ការពារជាតិ និង​អភិវឌ្ឍ​ជាតិ​។​

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ដូច្នេះ​ក្នុងនាម​ជា​យុវជន​ដែល​កំពុង​រស់ក្នុង​សម័យ​តេ​ជោ​សន្តិភាព​, យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​មើល​គំរូ​វីរភាព​របស់​យុវជន​ជំនាន់​មុន ដោយ​ផ្សារភ្ជាប់​នឹង​តថភាព​បច្ចុប្បន្ន និង​គោលដៅ​ទៅ​អនាគត និង​មិន​ភ្លេច​សោះឡើយ​នូវ​អតីតកាល​ដ៏​សែន​ជូរចត់​វេទនា​ដោយសារ សង្គ្រាម និង​ជម្លោះ​បែកបាក់​។ ក្នុងន័យនេះ​, យើងទាំងអស់គ្នា​ចងចាំ​ជានិច្ច​នូវ​គុណបំណាច់​នៃ​ពលិកម្ម​ដ៏​ធំធេង​របស់​យុវជន​ជំនាន់​មុន ហើយ​ប្តេជ្ញា​បន្ត​ស្មារតី និង​សកម្មភាព​ដ៏​ពិសិដ្ឋ​នេះ​ជា​រៀង​ដរាប​។​

​បន្ថែម​ពីនេះ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ក្នុង​វិស័យ​ធុរកិច្ច​, វិស័យ​ឯកជន រួមទាំង​សហគ្រិន​វ័យក្មេង គឺ​សរសៃឈាម​នៃ​ចរន្ត​សេដ្ឋកិច្ចជាតិ​។ ពិតណាស់​, កំណើនសេដ្ឋកិច្ច​អាចមាន​ឡើង​ចុះ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​និរន្តរភាព​នៃ​សុខសន្តិភាព​, ស្ថិរភាព និង​សិទ្ធិសេរីភាព ដែល​ចាំបាច់​ត្រូវ​ថែរក្សា​ឱ្យបាន​ដាច់ខាត​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ រាជរដ្ឋាភិបាល គឺជា​អ្នកដើរ​តួនាទី​ស្នូល​ក្នុងការ​បង្កលក្ខណៈ​តាមរយៈ​ការការពារ​នូវ​បរិស្ថាន​គ្រប់​ដណ្តប់​ដ៏​ចាំបាច់​នេះ ប៉ុន្តែ​យ៉ាងណាក៏ដោយ យើង​ជា​យុវជន​ក៏ត្រូវ​ចូលរួមចំណែក​អនុវត្ត​តួនាទី​រៀងខ្លួនៗ និង​គាំទ្រ​ដល់​បុព្វហេតុ​រួមមួយ​នេះ ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​យើង​។​

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុងនាម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុមការងារ​យុវជន​គណបក្ស​ថ្នាក់កណ្តាល​, សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​សមាជិក​សហគ្រិន​វ័យក្មេង​ទាំងអស់ ដែល​បាន​សម្រេចចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​សុ​ឆន្ទៈ និង​ភ្ជាប់​ជាមួយនឹង​ការ​អាណិត​, ស្រលាញ់ និង​ជឿជាក់​លើ​ថ្នាក់ដឹកនាំ និង​គណបក្ស ដើម្បី​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ កាន់​ការអភិវឌ្ឍ និង​វិបុលភាព​។ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​រួម​នេះ​, ក្នុងនាម​ជា​យុវជន​របស់​គណបក្ស និង​យុវជន​សម័យ​តេ​ជោ​សន្តិភាព​, យើង​គប្បី​ប្តេជ្ញា​ថែរក្សា​អ្វីដែល​កំពុងមាន ពីព្រោះ​យើង​បានដឹងហើយថា យុវជន​ជំនាន់​តស៊ូ បាន​បង្កើត​ឱកាស​គ្រប់យ៉ាង​ឱ្យ​យើង​ដូច​ថ្ងៃនេះ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា និង​ការពារ​សមិទ្ធផល​ទាំង​កុំឱ្យ​បាត់បង់ ព្រមទាំង​ជំរុញ​សមិទ្ធផល​វិជ្ជមាន​ឱ្យ​ច្រើនឡើង​បន្ថែមទៀត​។​

​ទន្ទឹមនឹង​នេះដែរលោក​បណ្ឌិតហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា៖សមិទ្ធផល​ធំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​កសាង​សម្រាប់​ជាតិនិង​ប្រជាជន គឺ​ការបញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​ដែល​បានអូសបន្លាយ​ជាង ៥០០​ឆ្នាំ​ក្នុង​ដាន​ប្រវត្តិសាស្ត្រ​, ការសង្គ្រោះ​ជីវិត​ប្រជាជន​ពីរ​ណ្តៅ​មរណៈ​នៃ​របប​ប្រល័យពូជ​សាសន៍​ប៉ុលពត ជាពិសេស​ការសម្រេចបាន​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ទឹកដី នៅក្រោម​រាជរដ្ឋាភិបាល​តែមួយ និង​រដ្ឋធម្មនុញ្ញ តាមរយៈ    «​នយោបាយ​ឈ្នះ​-​ឈ្នះ​» ក៏ដូចជា​ការអភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ធានាបាន​នូវ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច រហូត​ជីវភាព​ប្រជាជន​មាន​ការរីកចម្រើន​សម្បូរ​សប្បាយ ព្រម​ជាមួយនឹង​ទស្សនវិស័យ​ក្នុងការ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់ ក្នុង​ឆ្នាំ​២០៥០។

​លោក​គ្រូធំ​បណ្ឌិត អោម សេង​បូរ៉ា ប្រធាន​ផែន​សហគ្រិន​វ័យក្មេង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា​៖​នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ប្រកប​ដោយ​សេចក្តីរំភើប​រីករាយ​ក្រៃលែង​។​ត្ត​មាន​របស់​ឯកឧត្តម​បណ្ឌិត​ប្រធាន​ក៏ដូចជា​ថ្នាក់ដឹកនាំ​ទាំងអស់​ដែលមាន​វត្តមាន​នៅក្នុង​ពិធី​នេះ​គឺ​ពិតជា​សក្ខីភាព​បង្ហាញឱ្យឃើញ​យ៉ាង ច្បាស់​ពី​ការយកចិត្តទុកដាក់ និង​ការផ្សាភ្ជាប់​មនោសញ្ចេតនា​នៃ​ក្តី​ស្រលាញ់ និង​ការ ឱ្យ​តម្លៃ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដល់​សមាជិក​របស់​ផែន​សហគ្រិន​វ័យ​នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ក៏ដូចជា​សមាជិក​របស់​ផែន​សហគ្រិន​វ័យ​នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​មកពី​តាម​បណ្តា​ខេត្ត​មួយចំនួន​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ដ៏​វិសេសវិសាល​នៅថ្ងៃនេះ​។​

​លោក​គ្រូធំ​បណ្ឌិត បាន​ជម្រាប​ថា​៖​ផែន​សហគ្រិន​វ័យក្មេង​នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន កើត​ឡើងជា​ផ្លូវការ នៅ​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​គ្រប់​រាជធានី ខេត្ត​។​

​លោក​គ្រូធំ​បណ្ឌិត អោម សេង​បូរ៉ា បាន​គូសបញ្ជាក់ថា​៖​ផែន​សហគ្រិន​វ័យក្មេង​នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​មាន​ទស្សនវិស័យ​”ចង់ឃើញ​កម្ពុជា​ក្លាយជា​ប្រទេស​អ្នក​មានបាន​ឆាប់រហ័ស “​ដែល​គាំទ្រ​ទៅនឹង​គោលដៅ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់ឱ្យ​កម្ពុ​ជាមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ក្លាយទៅជា​ប្រទេស​អ្នកមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​ដើម្បី​សម្រេចបាន​នូវ​ទស្សន​វិស័យនេះ ផែន​សហគ្រិន​វ័យក្មេង​មាន​បេសកកម្ម​”​កសាង​កម្លាំង​ទ័ព​សេដ្ឋកិច្ច​ដើម្បី​កម្ពុជា​តាមរយៈ​ការប្រមូលផ្ដុំ​កម្លាំង​សហគ្រិន​វ័យក្មេង​ឱ្យ​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គោល បំណង​ចូលរួមចំណែក​កសាង​ការពារ​សុខសន្តិភាពនិង​ជា​យន្តការ​ដ៏​សំខាន់​ក្នុង​ការជួយ​កសាង​សមត្ថភាពនិង​ដោះស្រាយ​បញ្ហា​របស់​សហគ្រិន​លើ​គ្រប់​វិស័យដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មាន​ភាពរឹងមាំ និង​រីកចម្រើន​បាន​ឆាប់រហ័ស​”​។

​លោក​បណ្ឌិត អោម សេង​បូរ៉ា បាន​លើកឡើងថា​៖​ផែន​សហគ្រិន​វ័យក្មេង​ប្តេជ្ញាចិត្ត​បង្កើត​ផលប្រយោជន៍​ជូន​សង្គមជាតិ​ក៏ដូចជា​គណបក្ស​ប្រជា​ជន​​កម្ពុជា​ក្នុងនោះ​​ជួយ​កសាង ការពារ ស្ថិរភាព​នយោបាយ សុខសន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យមាន​ភាពរឹងមាំ​និង​រីកចម្រើន​បាន​ឆាប់​រហ័ស​,​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជ​រដ្ឋា ភិ​បាល ដើម្បីឱ្យ​ប្រទេស​កម្ពុជា​យើង​សម្រេចបាន​នូវ​គោលដៅ ប្រែក្លាយ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​ក៏ដូចជា​ជួយ​សហគ្រិន​ដែលជា​កម្លាំង​ទ័ព​សេដ្ឋកិច្ច​ជាតិ​ឱ្យមាន​សមត្ថភាព​ខ្ពស់ រឹងមាំ​និង​រីកចម្រើន​បាន​ឆាប់រហ័ស​ដើម្បី​ពួកគេ​បង់ពន្ធ​បង្កើត​ចំណូល​ជូន​រដ្ឋ​បាន​ច្រើន​បង្កើត​ការងារ​ធ្វើ​និង​ប្រាក់​ចំណូល​ជូន​ប្រជាជន​បាន​ច្រើន​ព្រមទាំង​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា​ឱ្យមាន​គុណភាព​នៅ​កន្លែង​ការងារ​បាន ច្រើន បង្កើត​ផលិតផល​សេវាកម្ម​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​មនុស្ស​ជាតិ និង​សង្គមជាតិ​បាន ច្រើន​និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​របស់​សេដ្ឋកិច្ចជាតិ​យូរអង្វែង​កាយ​ចិត្ត ក្នុង​ការធ្វើ​កិច្ចការងារ សប្បុរសធម៌ មនុស្សធម៌​ជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​នៅក្នុង​សង្គម​និង ជួយ​លើក​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់​ក​ម្ពុ​ជា​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ តាមរយៈ​ទំនាក់ទំនង​ធុរកិច្ច​ក្នុង​វិស័យ​ឯកជន ។​

​សូមជម្រាបថា​៖​តាំងពី​ពេល​ចាប់ផ្តើម​រហូតមកដល់​ពេលនេះ ផែន​សហគ្រិន​វ័យក្មេង​នៃ​ក្រុមការងា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​បានធ្វើ​សកម្មភាព​អស់​រយៈពេល​ចំនួន​១៥​ខែ​ហើយ​។ គិត​ត្រឹម​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣​ផែន​សហគ្រិន​វ័យក្មេង​មាន​សាខា​ចំនួន ៣៦​សាខា មាន​សមាជិក​សរុប​ចំនួន​៦៦៩០​នាក់ និង​សមាជិក​ដែលជា​សហគ្រិន​មាន​ចំនួន ២៥៦៨​នាក់​(​ស្មើនឹង​៣៨,៣៨%​នៃ​សមាជិក​សរុប​) ភាគច្រើន​ក្នុងចំណោម​ពូក​គាត់​គឺជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម ដែល​ប្រកបមុខរបរ​លើ​គ្រប់​វិស័យ​៕