បទវិភាគ

បទវិភាគ៖តើលោកពូទីនអាចនឹងឈានទៅប្រើប្រាស់អាវុធនុយក្លេអ៊ែរជាក់ស្តែងទេ?

ដោយ៖រតនា

មេដឹកនាំរុស្ស៊ីលោកពូទីនបាននិយាយថា ខ្លួននឹងដាក់ពង្រាយក្បាលគ្រាប់អាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស្ស។ ការបញ្ជាក់រឿងនេះត្រូវបានគេមើលឃើញថា មេដឹកនាំផ្តាច់ការរូបនេះតែងតែលើកយកបញ្ហាប្រើប្រាស់អាវុធនុយក្លេអ៊ែរមកគំរាមពិភពលោកម្តងហើយម្តងទៀតតែនៅមិនទាន់ឃើញប្រើជាក់ស្តែងទេ។

រុស្ស៊ីដើម្បីការពារទង្វើអាក្រក់និងគំរាមកំហែងពិភពលោក ជាពិសេសអង្គការណាតូខ្លួនបានច្រានចោលការរិះគន់របស់ប្រធានាធិបតីអាម៉េរិក Joe Biden ជុំវិញការដាក់ពង្រាយក្បាលអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូនៅក្នុងប្រទេសបេឡារុស្ស។ រុស្ស៊ីនិយាយថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើដូចគ្នានេះដែរជាច្រើនទសវត្សរ៍មកហើយនៅទូទាំងទ្វីបអឺរ៉ុប។

រុស្ស៊ីបាននិយាយថា ខ្លួនកំពុងជំរុញការដាក់ពង្រាយអាវុធប្រភេទនេះជាលើកដំបូងនៅខាងក្រៅព្រំដែនរបស់ខ្លួន ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ 1991 ហើយប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ដែលស្គាល់ថាជាកូនជឹងក៏បានចេញមុខបន្ទរដែរថា សព្វាវុធនោះបានដំណើរការរួចហើយ។

លោក Biden បាននិយាយថា លោកមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលថារុស្ស៊ីបានឈានទៅមុខជាមួយនឹងការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស្សពេលថ្មៗនេះ។

ស្ថានទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនមួយថា៖ “វាជាសិទ្ធិអធិបតេយ្យភាពរបស់រុស្ស៊ី និងបេឡារុស្សក្នុងការធានាសន្តិសុខរបស់ពួកគេដោយមធ្យោបាយដែលយើងចាត់ទុកថាចាំបាច់ ចំពេលមានសង្រ្គាមកូនកាត់ទ្រង់ទ្រាយធំដែលបានកើតឡើងដោយទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងយើង” ។«វិធានការ​ដែល​យើង​អនុវត្ត​គឺ​ស្រប​ទាំង​ស្រុង​នឹង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​អន្តរជាតិ​របស់​យើង»។

អាវុធនុយក្លេអែរយុទ្ធសាស្ត្រត្រូវបានប្រើសម្រាប់ការទទួលបានកលល្បិចឬប្រៀបឈ្នះនៅលើសមរភូមិ ហើយជាធម្មតាវាមានទិន្នផលនៃការបំផ្លិចបំផ្លាញតិចជាងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលត្រូវបានរចនាឡើងដើម្បីបំផ្លាញទីក្រុងអាម៉េរិក អឺរ៉ុប ឬរុស្ស៊ី។

ស្ថានទូតរុស្ស៊ីបានហៅការរិះគន់របស់ពិភពលោកជាពិសេសសហរដ្ឋអាម៉េរិកចំពោះការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូថា ជាការលាក់ពុតមានគំនិតអាក្រក់ ដោយនិយាយថា “មុននឹងបន្ទោសអ្នកដទៃ ទីក្រុងវ៉ាស៊ីនតោនខ្លួនឯងអាចប្រើការពិចារណាខ្លះៗផង”។

“សហរដ្ឋអាម៉េរិក អស់រយៈពេលជាច្រើនទស្សវត្សរ៍ មកហើយដែលរក្សាបាននូវឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។ រួមគ្នាជាមួយសម្ព័ន្ធមិត្តណាតូ ចូលរួមនៅក្នុងការរៀបចំចែករំលែកនុយក្លេអ៊ែរ និងរថភ្លើងសម្រាប់សេណារីយ៉ូនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសរបស់យើង»។

អ្នកណាក៏ដឹងដែរថាផ្អែកលើទិដ្ឋភាពជាក់ស្តែង ក្រោយលោកពូទីនបានបង្កើតសង្រ្គាមដោយខ្លួនឯងចូលទៅឈ្លានពានអ៊ុយក្រែនជាប្រទេសដែលមានអធិបតេយ្យភាពក្លាយទៅជាវិនាសកម្មដ៏ធំធេង បង្កឲ្យមានការដាក់ទណ្ឌកម្មនិងការស្អប់ខ្ពើមទៅលើរុស្ស៊ីស្ទើរពាសពេញពិភពលោកវៀរលែងតែប្រទេសកុម្មុយនិស្តមួយក្តាប់តូចនោះ ដើម្បីបានជៀសផុតពីការបរាជ័យនិងរស់ជីវិតជាមួយនឹងការរួមដៃគ្នាប្រឆាំងពីលោកខាងលិច មេដឹកនាំប្រទេសរុស្ស៊ីតែងបានព្រមានម្តងហើយម្តងទៀតថាខ្លួនដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេនៅលើលោកនោះនឹងប្រើប្រាស់វាជាមធ្យោបាយដើម្បីការពារខ្លួន។

ប៉ុន្តែអ្នកតាមដានសភាពការណ៍នៃបណ្តាប្រទេសលោកខាងលិចមួយចំនួនបានយល់ឃើញថា ការគំរាមប្រើអាវុធនុយក្លេអ៊ែរប្រល័យលោករបស់មេដឹកនាំរុស្ស៊ីធ្វើឡើងដដែលៗម្តងហើយម្តងទៀតនោះភាគរយច្រើនបំផុតវាគ្រាន់តែជាការកំញើញគេឯង ដែលនោះគឺជាចរិតឬសារជាតិរបស់មេដឹកនាំកុម្មុនិស្តគ្រប់រូបនៅលើពិភពលោកដែលតែងតែអនុវត្តវិធីនេះដើម្បីគោលដៅចម្បងបំផុតពីការបរាជ័យដ៏អាម៉ាស់និងការពារអំណាចផ្តាច់ការរបស់ខ្លួនតែប៉ុណ្ណោះ។

ផ្ទុយទៅវិញប្រសិនបើការគំរាមប្រើអាវុធនុយក្លេអ៊ែររបស់មហាអំណាចនុយក្លេអ៊ែររុស្ស៊ីវាបានឈានទៅដល់ការអនុវត្តជាក់ស្តែងមែននោះ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោកដូចគ្នា គេនឹងឆ្លើយតបទាន់ពេលជាមិនខាន ហើយប្រទេសរុស្ស៊ីដែលជាប្រទេសកុម្មុយនិស្តអាចនឹងក្លាយទៅជាសមុទ្រផេះផង់។ដូច្នេះការគំរាមកំហែងរបស់មេដឹកនាំរុស្ស៊ីក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រល័យលោកនោះវាអាចគ្រាន់តែប្រើប្រាស់ក្នុងហេតុផលជាការកំញើញគេឯងច្រើនជាង៕