សន្ដិសុខសង្គម

តុលាការឃុំខ្លួនថៅកែរកស៊ីពុះដីឡូត៍លក់ម្នាក់ទៀតហើយ

ដោយ៖រតនា

ភ្នំពេញ ៖ តុលាការភ្នំពេញនៅថ្ងៃទី២៦ ឧសភា ២០២៣ បានសម្រេចឃុំខ្លួនជនសង្ស័យជាថៅកែរកស៊ីពុះដីឡូត៍លក់ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធពីបទកំហែងយក និងបទគំរាមកំហែងហែកកេរ្តិ៍ ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សាយ ស្រីល័ក្ខណ៍ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ គឹម ចាន់រតនា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរជាថៅកែរកស៊ីពុះដីឡូត៍លក់ មានទីលំនៅផ្លូវលំ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជននេះត្រូវបានចោទប្រកាន់ពីបទកំហែងយក និងបទគំរាម កំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៦៣, មាត្រា ៣៦៤, មាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

សមត្តកិច្ចបានឲ្យដឹងថា កាលពីឆ្នាំ២០២២ឈ្មោះ គឹម ចាន់រតនា បានទិញស៊ីម៉ងតិ៍លាយរួចពីក្រុមហ៊ុន ដ្រេហ្គនស៊ីឌីក្នុងតម្លៃ២៨៤០ ដុល្លារ។ប៉ុន្តែបានគេចវេះមិនសងលុយទៅឲ្យក្រុមហ៊ុនរហូតមក។លុះដល់ខែកុម្ភៈ ឆ្នាំ២០២៣ ឈ្មោះ គឹម ចាន់រតនា ប្រើបណ្តាញសង្គមដោយពោលពាក្យគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនិងគំរាមហែកកេរ្តិ៍បុគ្គលិកក្រុមហ៊ុនដែលតាមទារលុយជំពាក់។

ផ្តើមពីនោះខាងបុគ្គលិកក្រុមហ៊ុនក៏បានប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួនឈ្មោះគឹម ចាន់រតនាដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕