សន្ដិសុខសង្គម

កំណត់មុខសញ្ញា៣នាក់ឈួសឆាយដីព្រៃលិចទឹកនៅស្រុកស្រីសន្ធរ

ដោយ៖ គង់ហេង

កំពង់ចាម៖ ករណីឈួសឆាយដីព្រៃលិចទឹកទំហំជាង មួយ ហិកតា នៅតំបន់បឹងចារ ក្នុងស្រុកស្រីសន្ធរ អាជ្ញាធរខេត្តកំពង់ចាមបានស៊ើបអង្កេត និងឈានទៅកំណត់មុខសញ្ញា បី នាក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។

លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី ២៧ ឧសភាថា ជុំវិញការរំលោភដីបឹងរបស់រដ្ឋនៅស្រុកស្រីសន្ធរយើង បានចាត់ឱ្យមន្រ្តីជលផល និងអាជ្ញាធរសហការគ្នាចុះពិនិត្យជាក់ស្តែង។ លទ្ធផលបានរកឃើញមានការឈួសឆាយរំលោភយកដីបឹងប្រមាណជាង មួយ ហិកតានិងបានកំណត់មុខសញ្ញា៣នាក់។ប៉ុន្តែរឿងនេះមិនមានការឃុបឃិតណាមួពីមន្រ្តីមានអំណាចដូចការលើកឡើងក្នុងបណ្តាញសង្គមនោះឡើយ។

លោក អ៊ុន ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឱ្យដឹងនៅថ្ងៃទី ២៧ ឧសភាថាកាលពីថ្ងៃទី ២៦ ឧសភាបានចុះមកសាកសួរ ពីការឈួសឆាយដីនៅតំបន់បឹងចារ ស្ថិតក្នុងភូមិក្សេរ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដែលមានទំហំជាងមួយហិកតាស្មើ ១០០៦៣០ ម៉ែត្រក្រឡានៃបឹងចារសរុប ៩៦៧.៤១៣ ម៉ែត្រក្រឡា ដែលរងការឈួសឆាយនោះ។

តាមការបំភ្លឺរបស់អាជ្ញាធរភូមិ ឃុំជាបន្តបន្ទាប់បានរកឃើញឈ្មោះ អ្នកឈួសឆាយ ប្រាប់ថាគាត់បានទិញដីនោះពីគេ ហើយបានជួលគ្រឿងចក្រយកមកជីកបកស្រទាប់ដីខាងលើ និងប្រមូលព្រៃយកទៅដាក់ក្នុងស្រែ ដើម្បីទុកធ្វើជី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មានការចែកចាយតាមបណ្ដាញសង្គមនូវវីដេអូ មានរយៈពេលជាង ៩នាទី របស់ឈ្មោះ ឌុច ភាស់ អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែករំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចោទប្រកាន់មកលើអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អំពីការឃុបឃិត ឈូសឆាយ ដីបឹងចារ។ ប៉ុន្តែក្រោយមកអ្នកបង្ហោះព័ត៌មានបានបកស្រាយ ថាខ្លួន មានការយល់ច្រឡំ ទើបមានការប្រើប្រាស់ពាក្យសម្តីជ្រុល ហួសធ្វើឱ្យប៉ះពាល់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា ឈានដល់ធ្វើការចោទប្រកាន់ខុសការពិត។ ជាមួយបានធ្វើការសុំទោសជាសាធារណៈ វិញតាមរយៈបណ្តាញសង្គម។

រដ្ឋបាលខេត្ត បញ្ជាក់ ថា បច្ចុប្បន្ន ក្រុមការងារខេត្តចុះបញ្ជី ដីធ្លីជាលក្ខណៈប្រព័ន្ធ បាននឹងកំពុងដំណើរការចុះបញ្ជីដោយប្រុងប្រយ័ត្ន នៅក្នុងតំបន់នេះ។ ទន្ទឹមនោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានធ្វើការហាមឃាត់ការចុះបញ្ជីដីធ្លីដែលមានភាពមិនប្រក្រតី។ ចំពោះការ ឈូសឆាយដីទំហំប្រហែលមួយហិកតា ជាល្បិចកលរបស់ជនខិលខូច ដែលមានចេតនាឈូសឆាយឱ្យ បានស្អាត ដើម្បីបន្លំមន្ត្រីចុះវាស់វែងឱ្យបានចុះបញ្ជីដីនោះជូនពួកគាត់។ ប៉ុន្តែដោយក្ដាប់បានព័ត៌មាននេះ ក្រុមការងារចម្រុះខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះចំណត់ដីផ្ទៃបឹងចារដើម្បីរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញរួចរាល់ហើយ៕