ដោយ៖រតនា
អ៊ុយក្រែនបាញ់ទម្លាក់មីស៊ីល១០គ្រាប់, យន្តហោះគ្មានមនុស្សបើកជាង២០គ្រឿង ក្នុងការវាយប្រហាររបស់រុស្ស៊ីលើសរដ្ឋធានី Kyiv ទីក្រុង Dnipro និងតំបន់ភាគខាងកើត។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ១០ គ្រាប់ដែលបាញ់ចេញពីសមុទ្រកាសព្យែន, យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ចំនួន ២៣ គ្រឿង និងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន ២ គ្រឿង។ កាំជ្រួចសរុបចំនួន ១៧ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៣១គ្រឿងត្រូវបានបាញ់បង្ហោះក្នុងអំឡុងពេលនៃការវាយប្រហារ ដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ១០ និង០០នាទីយប់ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ និងបន្តរហូតដល់ម៉ោង ៥ និង០០នាទីព្រឹកថ្ងៃសុក្រ។
លោក Serhiy Lysak អភិបាលតំបន់ Dnipropetrovsk បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា “វាជាយប់ដ៏លំបាកមួយ។ វាមានសំឡេងខ្លាំង – សត្រូវបានបើកការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក”។ “Dnipro បានរងទុក្ខ”។ផ្ទះ, រថយន្ត និងក្រុមហ៊ុនឯកជនជាច្រើន រួមទាំងក្រុមហ៊ុនដឹកជញ្ជូន និងស្ថានីយប្រេងមួយបានរងការខូចខាត។
មន្ត្រីក្នុងទីក្រុង Kyiv បាននិយាយថា ដំបូលផ្សារទំនើប, ផ្ទះឯកជនមួយ និងរថយន្តជាច្រើនគ្រឿងបានរងការខូចខាត។ អភិបាលនៃតំបន់ Kharkiv ក៏បានរាយការណ៍ពីការខូចខាតផ្ទះឯកជនមួយចំនួន និងកន្លែងឧស្សាហកម្មផងដែរ៕
ប្រភព៖ REUTERS