អន្តរជាតិ

ហ្វូងត្រីបាឡែនវាយប្រហារទូកក្តោងនៅសមុទ្រភាគខាងត្បូងអេស្ប៉ាញ

ដោយ៖តុលា

ហ្វូងត្រីបាឡែនពិឃាតបើកការវាយប្រហារទូកក្តោងមួយនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអេស្ប៉ាញនៅចុងសប្តាហ៍នេះ បណ្ដាលឲ្យមនុស្សនៅលើទូកមានការចលាចលភ័យព្រលឹងចុងសក់។

យោងតាមសារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យសេវាសង្គ្រោះដែនសមុទ្រអេស្ប៉ាញបាននិយាយថា នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី ២៥ ខែឧសភា ហ្វូងត្រីបាឡែន Orcas ជាច្រើនក្បាលបានអណ្ដែតខ្លួន វាយប្រហារទៅក្នុងសមុទ្រ Mustique ខ្សែទឹក Gibraltar   ដោយបានធ្វើឱ្យនាវិកដែលស្ថិតនៅលើទូកនោះចំនួន ៤ នាក់ ភ័យស្លន់ស្លោទាក់ទងអាជ្ញាធរអេស្ប៉ាញដើម្បីសុំជំនួយ។

ជាសំណាងល្អមិនមាននរណាម្នាក់បាត់បង់ជីវិត ឬរងរបួសឡើយ បន្ទាប់ពីសេវាសង្រ្គោះបានដាក់ពង្រាយកម្លាំងអន្តរាគមន៍ទាន់ពេលវេលា។

អ្នកនាំពាក្យនិយាយថា សេវាកម្មនេះបានដាក់ពង្រាយនាវាឆ្លើយតបរហ័ស និងឧទ្ធម្ភាគចក្រ ដឹកម៉ាស៊ីនបូមទឹកផងដែរ ដើម្បីជួយដល់នាវាប្រវែង ២០ ម៉ែត្រ ដែលកំពុងរងគ្រោះនោះ។

 

យោងតាមក្រុមស្រាវជ្រាវ GTOA ដែលតាមដានចំនួននៃសត្វត្រីបាឡែន​ប្រភេទOrca ការវាយប្រហារនេះគឺជាលើកចុងក្រោយបង្អស់ហើយ បន្ទាប់ពីការវាយប្រហារនៅដើមខែឧសភាធ្វើឲ្យទូកក្តោង Alboran Champagne លិចចូលសមុទ្រទាំងស្រុង។ យ៉ាងណាកដ៏ដោយ អ័រកាត្រូវបានគេទទួលស្គាល់ថាជិតផុតពូជហើយ ខណៈវាគឺជាផ្នែកមួយនៃអម្បូរត្រីផ្សោត៕

ប្រភព៖ REUTERS