ព័ត៌មានជាតិ

លែងក្រពើត្រី២៥ក្បាលយកពីខេត្តសៀមរាបឱ្យរស់នៅតំបន់សៀមប៉ាងខេត្តស្ទឹងត្រែងវិញ

ដោយៈសុខុម

ស្ទឹងត្រែង៖ក្រពើត្រីចំនួន២៥ក្បាល កាលពីកន្លងទៅថ្មីនេះត្រូវអ្នកជំនាញដឹកមកពីខេត្តសៀមរាប យកទៅលែងនៅក្នុងបឹងខាំផា ក្នុងដែនជម្រកសត្វព្រៃ សៀមប៉ាង ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដើម្បីឱ្យវាបង្កាត់ពូជសំបូរឡើងវិញ។

លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែឧសភានេះថា ក្រពើប្រភេទខាងលើគឺជាសត្វដ៏កម្រជិតផុតពូជទៅហើយ។ វាចូលចិត្តស៊ីចំណីដូចជាត្រី ក្តាម ខ្យង…ជាអាហារ ហើយមិនកាចសាហាវស៊ីសាច់ឬខាំមនុស្សដូចប្រភេទក្រពើផ្សេងនោះឡើយ។ ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នដូចគ្នា។

មន្រ្តីដដែលបានឱ្យដឹងទៀតថា ពូជសត្វក្រពើត្រីដែលខាងអភិរក្សដឹកយកទៅលែង ឱ្យវារស់នៅក្នុងដែនជម្រកសត្វព្រសៀមប៉ាងខេត្តស្ទឹងត្រែង គឺដើម្បីបន្សាំឱ្យរស់នៅក្នុងបឹងមួយរយ:សិន មានព័ទ្ធរបងជុំវិញទៀតផង។នៅក្នុងចំណោមក្រពើ២៥ក្បាលក្រោយពីលែងមកមានចំនួន៣ក្បាល បានងាប់ទៅវិញ។

នៅពេលលែងក្រពីទាំង២៥ក្បាលនោះ ក៏មាននិមន្តព្រះសង្ឃចូលរួមសូត្រមន្តប្រោះព្រំសុំសុខសប្បាយ​ដល់ជីវិតសត្វលោកផងដែរ។ក្រៅពីនេះក៏មាន តំណាងនាយកដ្ឋានជលផលនៃក្រសួងកសិកម្មតំណាង​ក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិក តំណាងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មេបញ្ជាការ បញ្ជាការរងវរសេនាតូចអន្តរាគមន៍លេខ២៨៣,២៨៥ ផ្នែកសឹករងស្រុកមានអ្នកចូលរួមសរុប៦៤នាក់ ក្រោមអធិបតីភាពលោក ព្រំ អូដន អភិបាលរងស្រុកសៀមប៉ាង៕