សន្ដិសុខសង្គម

រន្ធត់ចិត្តណាស់ ! ម្ចាស់កន្លែងចិញ្ចឹមក្រពើម្នាក់ត្រូវក្រពើនាំគ្នាខាំហែកស៊ីទាំងរស់

ដោយ៖រតនា

សៀមរាប៖ បុរសម្នាក់ដែលជាថៅកែចិញ្ចឹមក្រពើមួយកន្លែងនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប បានស្លាប់ដោយសារតែសត្វក្រពើជាច្រើនដណ្ដើមគ្នាហែកស៊ី នៅពេលដែលបុរសរូបនោះបានរអិលជើងធ្លាក់ចូល អាងក្រពើរបស់គាត់។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះគឺបានកើតឡើងនៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណជាង៥ ព្រឹក ។

មន្រ្តីអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឱ្យដឹងថា បុរសដែលស្លាប់ដោយសារតែក្រពើដែលគាត់ចិញ្ចឹម ដណ្ដើមគ្នាខាំហែកស៊ីនោះ ឈ្មោះ លួន ណាំ អាយុ៧២ ឆ្នាំ មុខរបរ ជាគណៈកម្មាធិការវត្តពោធិ៍បន្ទាយជ័យ។

បើទោះបីជាយ៉ាងណា ប៉ូលិសនៅមិនទាន់បញ្ជាក់អំពីមូលហេតុច្បាស់លាស់ពាក់ព័ន្ធករណីក្រពើនាំគ្នាខាំហែកម្ចាស់ស៊ីនោះ ថាបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ។ យោងតាមប្រភពក្រៅផ្លូវការបានឱ្យដឹងថាបុរស ដែលស្លាប់ដោយសារតែសត្វក្រពើវាយប្រហារ ហើយនាំគ្នាហែកស៊ីនោះ គឺខណៈពេលដែលរូបគាត់បានចូល ទៅក្នុងអាងចិញ្ចឹមក្រពើ ដើម្បីពិនិត្យមើលពងក្រពើ។

នៅខេត្តសៀមរាបក្នុងរយៈពេល៤-៥ឆ្នាំកន្លងមកនេះ មានករណីម្ចាស់អាងចិញ្ចឹមក្រពើ បានស្លាប់ដោយសារតែសត្វក្រពើវាយប្រហារហើយដណ្ដើមគ្នាហែកស៊ីនេះ ចំនួន៣លើកមកហើយ ដោយកាលពីជាង៤ឆ្នាំមុន គឺមានក្មេងស្រីតូចម្នាក់ ត្រូវសត្វក្រពើហែកស៊ី នៅសល់តែលលាដ៍ក្បាល។ កាលពី២ឆ្នាំមុន មានមន្ត្រីសាលាស្រុកពួកម្នាក់ ក៏ត្រូវសត្វក្រពើវាយប្រហារ នាំគ្នាខាំហែកស៊ីដែរ ខណៈពេលដែលគាត់ដេកយប់នៅលើអាងចិញ្ចឹមក្រពើ ហើយរអិលជើងធ្លាក់ចូលទៅក្នុងអាងនោះ នៅពេលចុះទៅរកបត់ជើងតូច៕