សន្ដិសុខសង្គម

តៃកុងអាចស្រវឹងបើករថយន្តបុករះម៉ូតូ,របងផ្ទះ​,បង្គោលភ្លើង​បង្កខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖បុរសម្នាក់ទំនងស្រវឹងបានបើករថយន្តម៉ាក​ ហ៊ីយ៉ាន់ដាយ បានបុករះម៉ូតូជាច្រើនគ្រឿង-របងផ្ទះ-បង្គោលផ្លាកសញ្ញានិងបង្គោលភ្លើងឱ្យខូចខាតយ៉ាងដំណំ រីឯរថយន្តខូចខ្ទេចផ្នែកមុខ។ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅតាមផ្លូវលេខ១៤៣ កែងនឹងផ្លូវលេខ២៧៨ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង កាលពីម៉ោងជាង១០យប់ថ្ងៃទី២៥ ខែឧសភា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ផ្លាកលេខភ្នំពេញ2BO-3909 បើកតាមផ្លូវលេខ១៤៣ ពីជើងទៅត្បូងយ៉ាងលឿន។​

មកដល់កន្លែងខាងលើរថយន្តនេះក៏រេចង្កូតទៅបុកម៉ូតូ៣គ្រឿងដែលចតស្ងៀមនៅមុខផ្ទះឱ្យដួលគរលើគ្នា​ខូចខាតយ៉ាងដំណំ។រថយន្តបង្កមិនទាន់អស់ល្បឿនបានបន្តទៅបុករបងដែកផ្ទះគេអស់ជាច្រើនផ្ទាំង រួចបន្តទៅបុកផ្លាកសញ្ញានិងបង្គោលភ្លើង រថយន្តបង្កខ្ទេចមួយកំណត់មុខ។

ពេលនោះគេឃើញអ្នកបើកបរចុះមកដើរសំពះគេឯងក្នុងសភាពស្រវឹងស្រាខ្លាំង។តែក្នុងហេតុការណ៍នោះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ក្រោយកើតហេតុ​សមត្ថកិច្ចបានយករថយន្តបង្កទៅទុក​នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ​រង់ចាំដោះស្រាយពេលក្រោយ៕