អន្តរជាតិ

USលក់ប្រព័ន្ធការពារដែនអាកាសចំនួន ២៨៥ លានដុល្លារឱ្យអ៊ុយក្រែន

ដោយ៖តុលា

រដ្ឋបាលសេតវិមានលោកចូបៃដិន បាននិយាយថា បានយល់ព្រមលក់ប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃលុយ ២៨៥លានដុល្លារទៅដល់អ៊ុយក្រែន។

ក្រសួងការបរទេសអាម៉េរិកបានប្រកាសនៅថ្ងៃពុធថា រដ្ឋបាលលោក Biden បានយល់ព្រមលើការលក់នូវប្រព័ន្ធកាំជ្រួចលើផ្ទៃដីទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិក្នុងទំហំទឹកប្រាក់ ២៨៥ លានដុល្លារទៅឱ្យប្រទេសអ៊ុយក្រែន។ ប្រព័ន្ធនេះមានឈ្មោះថា NASAMS ជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យមកម្រិតខ្ពស់ ដែលអ៊ុយក្រែនបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ដើម្បីវាយប្រហារ និងស្ទាក់ចាប់ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីរាល់ដង។ អ៊ុយក្រែនមានប្រព័ន្ធនេះពីររួចហើយ ហើយអាម៉េរិកបានប្តេជ្ញាផ្តល់ប្រាំមួយផ្សេងទៀត ក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន។

ការទិញចុងក្រោយនេះនឹងផ្តល់ឱ្យអ៊ុយក្រែននូវ NASAMS សរុបចំនួន ៩ នៅពេលដែលការដឹកជញ្ជូនត្រូវបានបញ្ចប់។ កាលពីខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាននិយាយថា NASAMS មានអត្រាជោគជ័យ ១០០ភាគរយក្នុងការស្ទាក់ចាប់មីស៊ីលរុស្ស៊ី។ កិច្ចព្រមព្រៀងនេះហាក់ខុសប្លែកនឹងសព្វមួយដង ខណៈដែលកន្លងមកគឺសុទ្ធតែអាម៉េរិកផ្តល់ជូនដោយឥតគិតថ្លៃសឹងទាំងអស់៕

ប្រភព៖  REUTERS