អន្តរជាតិ

រុស្ស៊ីជិតចាញ់សង្រ្គាមហើយខណៈអ៊ុយក្រែននឹងប្រើយន្តហោះចម្បាំង F-16

ដោយ៖តុលា

ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គី បាននិយាយថា រុស្ស៊ីជិតចាញ់សង្រ្គាមហើយ ខណៈអ៊ុយក្រែននឹងទទួលបានយន្តហោះចម្បាំង F-16 ពីសម្ព័ន្ធមិត្ត។

ថ្លែងក្នុងសុន្ទរកថានាពេលរាត្រីថ្ងៃពុធទី ២៤ ខែឧសភា លោកZelensky បានលើកឡើងបែបនេះ ដោយសំអាងទៅលើសម្ព័ន្ធអន្តរជាតិចក្រភពអង់គ្លេស និងហូឡង់ ខណៈដែលប្រទេសទាំងពីរបាននិយាយកាលពីដើមខែឧសភាថា ពួកគេកំពុងធ្វើការដើម្បីជួយអ៊ុយក្រែនក្នុងការទិញយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋ   អាម៉េរិក។ Zelensky បាននិយាយថា “នេះនឹងក្លាយជាសញ្ញាមួយដែលថា ភេរវកម្មរុស្ស៊ីបានបាត់បង់ ហើយពិភពលោករបស់យើងដែលផ្អែកលើការគោរពចំពោះប្រទេសឯករាជ្យ និងសិទ្ធិរបស់ប្រជាជនក្នុងការជ្រើសរើសផ្លូវរបស់ពួកគេបានរួចរស់ជីវិត”។

លោកប្រធានាធិបតីបានបន្ថែមថា អ៊ុយក្រែននឹងរៀបចំលក្ខខណ្ឌចាំបាច់ទាំងអស់ដើម្បីធ្វើឱ្យប្រាកដថាការផ្លាស់ប្តូរផ្លូវអាកាសកើតឡើងយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។

លោកប្រធានាធិបតីអាម៉េរិក Joe Biden វិញក៏បានជម្រាបថា សហរដ្ឋអាម៉េរិកនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនលើយន្តហោះជំនាន់ទីបួន រួមទាំងយន្តហោះ F-16 ផងដែរ។

យោងតាមសេចក្តីរាយការណ៍ដោយប្រភពអន្តរជាតិ រហូតមកដល់ពេលនេះ រុស្ស៊ីហាក់ដូចជាបាក់សន្ទុះគួរឲ្យកត់សម្គាល់បើធៀបនឹងកាលបើកប្រតិបត្តិការយោធាឈ្លានពានដំបូង។ មានការវាយប្រហារក្នុងដីរុស្ស៊ីផ្ទុះឡើងជាច្រើននៅតំបន់ព្រំដែនជាប់អ៊ុយក្រែននៅប៉ុន្មានថ្ងៃចុងក្រោយ ខណៈដែលមេទាហានស៊ីឈ្នួលរុស្ស៊ីនិយាយថា រដ្ឋាភិបាលរុស្ស៊ីមិនទាន់ត្រៀមទប់ទល់បានស្រួលបួលឡើយ មិនដូចអ៊ុយក្រែនដែលមានការបណ្តុះបណ្តាលស្វាហាប់៕

ប្រភព៖  CNN