សន្ដិសុខសង្គម

រថយន្ត​បុកបង្កាន់ដៃស្ពានអាកាស​និងបង្គោលភ្លើងក្រឡាប់ផ្ងារកង់

ដោយ៖វិចិត្រ

ភ្នំពេញ​៖បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តម៉ាកស្តារិចបុកបង្កាន់ដៃស្ពានអាកាស និងបង្គោលភ្លើងពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារកង់។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅគល់ស្ពានអាកាសចោមចៅ តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ​ ​កាលពីយប់ថ្ងៃទី២៤ ខែឧសភា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសចិនម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តម៉ាកស្តារិចផ្លាកលេខភ្នំពេញ2AN.1175 តាមផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិចយ៉ាងលឿន។

មកដល់កន្លែងខាងលើក៏បុកបង្កាន់ដៃស្ពានអាកាសនិងបង្គោលភ្លើង បណ្តាលឱ្យរថយន្តក្រឡាប់រងការខូចខាតយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សធ្ងន់ធ្ងរទេ។ភ្លាមៗនោះអ្នកបើករថយន្តបានលូនចេញក្នុងសភាពស្រវឹងស្រា ហើយក៏គេចខ្លួនបាត់​៕