សន្ដិសុខសង្គម

ម៉ូតូបុកម៉ូតូដួល ត្រូវរថយន្តកុងតឺន័រ មកកិនបុរសម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់

ភ្នំពេញ​៖​គ្រោះថ្នាក់ចរាចរដោយម៉ូតូ២គ្រឿងបានបុកគ្នាដួល ត្រូវរថយន្តកុងតឺន័របើកមកពីក្រោយកិនបុរសម្នាក់អូស ជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅមុខបុរីសែនមនោរម្យ​ ក្នុងភូមិអូដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ប៉ែន​ ពិសិដ្ឋ​ អាយុ២៨ឆ្នាំ ​ជាកម្មកររោងចក្រ ​មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។

មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្គូបពី ផ្លាកលេខភ្នំពេញ1JZ- 8580 ចេញពីរោងចក្រឆ្លងផ្លូវក៏បានបុកគ្នា ជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស្គូពី ផ្លាកលេខភ្នំពេញJM -6992 បណ្តាលឱ្យដួល។ ភ្លាមនោះស្រាប់តែ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន​ L M H ផ្លាកលេខភ្នំពេញ3B-4090 បើកមកពីក្រោយកិនបុរសម្នាក់អូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាម ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់។បន្ទាប់មកតៃកុងរថយន្តកុងតឺន័របានចុះរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុ សមត្ថកិច្ចចរាចរណ៍បានយករថយន្តនិងម៉ូតូទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕