អន្តរជាតិ

មេផ្តាច់ខ្លួនរុស្ស៊ីព្រមានពីការវាយប្រហារតំបន់ព្រំដែនរុស្ស៊ីបន្ថែមទៀត

ដោយ៖តុលា

មេដឹកនាំក្រុមផ្តាច់ខ្លួនរុស្ស៊ី បានប្រកាសបើកការវាយប្រហារតំបន់ព្រំដែនក្នុងដីរុស្ស៊ីបន្ថែមទៀតនាពេលឆាប់ៗនេះ បន្ទាប់ពីបានវាយប្រហារធ្វើឲ្យរដ្ឋាភិបាលពូទីនចលាចល។

យោងតាមបណ្តាញសារព័ត៌មានអាល់ចាហ្សេរ៉ា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣នេះបានឲ្យដឹងថា៖ មេបញ្ជាការក្រុមយុទ្ធជនរុស្ស៊ីដែលមានទំនោរគាំទ្រអ៊ុយក្រែនជាខ្សែបណ្តាញអ៊ុយក្រែនឈ្មោះ Denis Kapustin បានប្រកាសនឹងបើកការវាយប្រហារដី រុស្ស៊ីបន្ថែមទៀតក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ ក្រុមនេះត្រូវបានគេស្គាល់ឈ្មោះកាត់ថា (RVC) បានវាយលុកម្តងហើយលើតំបន់ Belgorod របស់ប្រទេសរុស្ស៊ីដែលមានទីតាំងស្ថិតនៅជាប់ព្រំដែនអ៊ុយក្រែននៅថ្ងៃចន្ទ និងអង្គារ ដែលមានរយៈពេលជិត ២៤ម៉ោង ធ្វើឲ្យអាជ្ញាធររុស្ស៊ីនៃរដ្ឋបាលលោកពូទីនហាក់មានការស្រឡាំងកាំង និងធ្វើអ្វីសឹងមិនទាន់។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស១២នាក់រងរបួស ផ្ទះប្រមាណ ៥០០ ខ្នងបានរងការខូចខាត ខណៈ២០០ខ្នងត្រូវបានបំផ្លាញស្ទើរទាំងស្រុង ព្រមទាំងមានការដាច់អគ្គិសនីខ្នាតធំទៀតផង។ អ្នកស្រុកដែលបានភៀសខ្លួនចេញពីផ្ទះនៅ Belgorodនេះ មិនទាន់បានត្រលប់ទៅវិញទេនៅតាមតំបន់មួយចំនួន។ អាជ្ញាធររុស្ស៊ីថា ខ្លួនបានបញ្ជូនក្រុមវាយឆ្មក់ដោយកាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដើម្បីធ្វើអន្តរាគមន៍ទប់ទល់៕

ប្រភព៖  ALJAZEERA