សុខភាព

មហាសេដ្ឋីអាម៉េរិកម្នាក់ជះលុយជិតកន្លះពាន់លានដុល្លារឲ្យខ្លួននៅតែក្មេងជាងវ័យ

ដោយ៖សហការី

មហាសេដ្ឋីដ៏ល្បីល្បាញលើបច្ចេកវិទ្យាម្នាក់ បានចំណាយលុយជាច្រើនក្នុងការបង្កើតវិធីវេជ្ជសាស្រ្ត ដើម្បីធ្វើឲ្យខ្លួនមើលទៅនៅក្មេងជាងវ័យ និងមានសុខភាពល្អ ដោយការផ្លាស់ប្តូរឈាមប្លាស្មា ជាមួយនឹងកូនប្រុសរបស់គាត់។

Bryan Johnson គឺជា biohacker ដ៏ល្បីល្បាញនៅលើពិភពលោក បានចំណាយប្រាក់រាប់លានដុល្លារជារៀងរាល់ឆ្នាំ លើវេជ្ជបណ្ឌិតក្នុងការរិះរកវិធីវេជ្ជសាស្រ្ត ធ្វើយ៉ាងណាឲ្យខ្លួនក្មេងជាងវ័យ។ លោក Johnson បានបញ្ចូលឈាមពីជនបរិច្ចាគអនាមិក ដែលមានសុខភាពល្អក្នុងពេលកន្លងមក ឥឡូវនេះគាត់បានទទួលការបរិច្ចាគប្លាស្មាពីឪពុករបស់គាត់ Richard ដែលមានអាយុ ៧០ឆ្នាំ ហើយនិងកូនប្រុស Tal​mage អាយុ ១៧ឆ្នាំ។

អ្នកទាំងបីបានទទួលការបញ្ចូលឈាមនៅគ្លីនីក Dallas ដែលឪពុក និងកូនប្រុសជំទង់បានយកឈាមមួយលីត្រចេញ ហើយបំប្លែងតាមរយៈម៉ាស៊ីនទៅជាប្លាស្មារាវ បន្ទាប់មកបំបែកចេញរវាងប្លាកែតកោសិកាឈាមក្រហម និងកោសិកាឈាមស។ វាត្រូវបញ្ចូលទៅឲ្យលោក Johnson ក្នុងគោលដៅស្តារ និងជួសជុលឡើងវិញ នូវកោសិកាដែលខូចខាតដោយសារភាពចាស់ជរា ដោយបញ្ចូលឈាមថ្មីដែលបានមកពីអ្នកបរិច្ចាគវ័យក្មេង។

Johnson ជាមហាសេដ្ឋីបច្ចេកវិទ្យាអាម៉េរិក បានចំណាយប្រាក់ជិតកន្លះពាន់លានដុល្លារ ដើម្បីឲ្យគាត់បានក្លាយជាអ្នកបង្កើតវិធីវេជ្ជសាស្រ្តជាក់ស្តែង ក្នុងការការពារភាពចាស់ជរា។

Johnson និងវេជ្ជបណ្ឌិតរបស់គាត់បានអះអាងថា នៅក្នុងរយៈពេលពីរឆ្នាំគាត់បានធ្វើឲ្យក្មេងជាងវ័យ តាមអាយុជីវសាស្រ្តរបស់គាត់លើសពី ៥ឆ្នាំ ហើយឥឡូវនេះគាត់មានបេះដូងរបស់បុរសអាយុ ៣៧ឆ្នាំ ស្បែកដែលមានអាយុ ២៨ឆ្នាំ និងសមត្ថភាពសួតនិងកាយសម្បទាមាន មើទៅដូចមនុស្សអាយុ១៨ឆ្នាំអញ្ចឹង៕