ព័ត៌មានជាតិ

បញ្ហាទឹកកខ្វក់ហូរលើផ្លូវ អាជ្ញាធរមូលដ្ឋានបានចុះដោះស្រាយជាបន្ទាន់

ដោយ៖វិចិត្រ

ខេត្តព្រះសីហនុ៖បន្ទាប់ពីមានការស្នើសុំឱ្យជួយដោះស្រាយបញ្ហាទឹកស្អុយហូរលើផ្លូវ តាមរយៈបណ្តាញសារព័ត៌មាននោះមក ព្រឹកថ្ងៃទី២៥ ខែឩសភានេះ មន្ត្រីអាជ្ញាធរបានចុះដោះស្រាយជាបន្ទាន់។

លោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់ និងបរិស្ថានក្រុងព្រះសីហនុ ដោយសហការជាមន្ទីរ សាធារណការខេត្តបានបញ្ជាក់ថា ចំពោះបញ្ហានេះចាំបាច់ត្រូវតែដោះស្រាយ មិនអាចបណ្តែតបណ្តោយបានទេ ដោយសារចំណុចនេះអាជ្ញាធរចុះមកពិនិត្យ៣ដងរួចហើយ។

ថ្លែងចំពោះបណ្តាញផ្សព្វផ្សាយ លោក ជួប សីហា បានបន្តថា មិនអាចបង្អង់បានទៀតទេ ព្រោះវាពិតជាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អនាម័យ បរិស្ថាន និងសោភ័ណភាពក្រុង។ ដូចនេះដោយមានការអនុញ្ញាតពីលោក ស កក្កដា អភិបាលក្រុង ក្រុមការងារបានសម្រេចដាក់ គ្រឿងចក្រកាយនៅល្ងាចថ្ងៃទី២៥នេះតែម្តង។ក្រុមការងារនឹងហៅម្ចាស់ផ្ទះដែលបានបង្ហូរទឹកកខ្វក់មកធ្វើកិច្ចសន្យា ដោយតម្រូវឱ្យភ្ជាប់បណ្តាញលូទឹកស្អុយ និងរៀបប្រព័ន្ធលូថ្មី។

ក្រោយពីមន្ត្រីអាជ្ញាធរក្រុងអះអាងបែបនេះ ពលរដ្ឋដែលរងផលប៉ះពាល់កន្លងមក បានសម្តែងអារម្មណ៍សប្បាយរីករាយចំពោះចំណាត់ការរបស់អាជ្ញាធរ និងសង្ឃឹមថាលែងមានទឹកស្អុយហូរកាត់មុខផ្ទះពួកគាត់ទៀតហើយ៕