សន្ដិសុខសង្គម

ទើបចេញពីគុកករណីប្លន់រួច បន្តជួញគ្រឿងញៀន សមត្ថកិច្ចចាប់បញ្ចូលគុកវិញ

ដោយ៖វិចិត្រ

កណ្តាល៖សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់មានម្នាក់ទើបចេញពីគុកក្រោយជាប់ទោស៨ឆ្នាំករណីប្លន់ ត្រូវនគរបាលចាប់ខ្លួនជាថ្មីពីបទជួញដូរគ្រឿងញៀន ត្រូវបញ្ជូនទៅពន្ធនាគារវិញ។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យ២នាក់ ត្រូវកម្លាំងឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា។

ជនសង្ស័យឈ្មោះ អាន ស៊ីណេត អាយុ៣៦ឆ្នាំ នៅភូមិឃុំខាងលើ ធ្លាប់ជាប់ពន្ធនាគារ៨ឆ្នាំ ពីបទប្លន់។ឈ្មោះ ឈុំ ណែម អាយុ២៩ឆ្នាំ នៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ។ទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា។

ពេលឃាត់ខ្លួនដកហូតវត្ថុតាងម្សៅក្រាមសង្ស័យសារធាតុញៀនចំនួន២០កញ្ចប់និងសម្ភារវេចខ្ចប់មួយចំនួន។ជនសង្ស័យឈ្មោះ អាន ស៊ីណេត បានសារភាពថា គ្រឿងញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់ក្នុងតម្លៃ១.០០០ដុល្លារ ហើយយកដាក់កញ្ចប់តូចៗទុកលក់បន្ត។ចំណែកឈ្មោះ ឈុំ ណែម បានប្រាប់ថា ខ្លួនតែងតែមកសេពគ្រឿងញៀននៅផ្ទះ អាន ស៊ីណេតជាប្រចាំ៕