អន្តរជាតិ

ទាហានស៊ីឈ្នួលរុស្ស៊ីស្លាប់២ម៉ឺននាក់ក្នុងការកាន់កាប់តំបន់បាក់មុត

ដោយ៖តុលា

មេទាហានស៊ីឈ្នួលរុស្ស៊ីបញ្ជាក់ប្រាប់លម្អិតថា ទ័ពរបស់ខ្លួនបានស្លាប់អស់២០.០០០នាក់ បន្ទាប់ពីឈរជើងគ្រប់គ្រងតំបន់បាក់មុតភាគខាងកើតអ៊ុយក្រែនអស់រយៈពេលច្រើនខែ។

ស្ថាបនិកនៃទាហានស៊ីឈ្នួលរុស្ស៊ី Yevgeny Prigozhin រូបនេះបាននិយាយថា ទាហានប្រហែល ២០.០០០ នាក់មកពីក្រុមទាហានស៊ីឈ្នួល Wagner របស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយអ៊ុយក្រែនអស់រយៈពេលជាច្រើនខែដើម្បីគ្រប់គ្រងតំបន់ Bakhmut នៅភាគខាងកើត។ ក្នុងនោះបើគិតជាមធ្យមភាគគឺប្រហែល២០ភាគរយ ខណៈដែលក្រុមហ៊ុនបានជ្រើសរើសជាពិសេសចំនួន ៥០.០០០នាក់សរុបមកពីជួរអ្នកទោសរុស្ស៊ីចុះឈ្មោះចូលក្រុមសម្រាប់ប្រតិបត្តិការប្រយុទ្ធដំបូង។ លោក Prigozhin បានព្រមានពីកម្លាំងរបស់អ៊ុយក្រែនដែលនឹងវាយបកវិញខ្លាំង ធ្វើឲ្យរុស្ស៊ីពិបាកទប់ទល់រហូតដល់ត្រូវចាញ់។

អ៊ុយក្រែន​នឹង​ព្យាយាម​ឡោម​ព័ទ្ធ Bakhmut ដែល​ជា​ចំណុច​ផ្តោត​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាង​កើត និង​វាយ​ប្រហារ​បន្តទៅគ្រីមៀរ។ សម្រង់សម្ដី Prigozhin យោងតាមប្រភពអាល់ចាហ្សេរ៉ា “យើងស្ថិតក្នុងស្ថានភាពបែបនេះ ដែលយើងអាចចាញ់ ក្លាយជាជនរុស្ស៊ីអាម៉ាស់ ដូច្នេះហើយជាបញ្ហាចម្បង… យើងត្រូវដាក់ច្បាប់អាជ្ញាសឹក”។ “រុស្ស៊ីត្រូវប្រមូលផ្តុំបុរសៗចូលធ្វើទ័ពបន្ថែមទៀត និងរៀបចំសេដ្ឋកិច្ចរបស់ខ្លួនទាំងស្រុងដើម្បីធ្វើសង្គ្រាមតែមួយមុខ”។

ការលើកឡើងដ៏តានតឹងនេះ ហាក់ផ្ទុយនឹងរបាយការណ៍រីករាយថ្មីៗនេះ ដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអបអរសាទរដល់កងកម្លាំងប្រដាប់អាវុធស៊ីឈ្នួល និងយោធារុស្ស៊ីជុំវិញការដណ្តើមបានបាក់មុតទាំងស្រុង៕

ប្រភព៖  ALJAZEERA