សន្ដិសុខសង្គម

ខ្យល់ព្យុះបាក់ផ្ទះសង្កត់ពីលើមនុស្សបណ្តាលឲ្យរបួសចំនួន៨នាក់

ដោយ៖ គង់ហេង

កំពង់ចាម៖ យ៉ាងហោចណាស់មនុស្សក្មេង ចាស់ ប្រុស ស្រី ចំនួន ប្រាំបី នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បាក់រលំផ្ទះសង្កត់លើ ដោយខ្យល់កន្រ្តាក់នៅ ភូមិទ្រាស ឃុំខ្នារស ស្រុកស្រីសន្ធរ កាលពីល្ងាចថ្ងៃទី ២៤ ឧសភា ២០២៣។

លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ដែលបានដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រីសន្ធរចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋដល់ទីតាំងរងគ្រោះ នៅក្រោយកើតហេតុបានឱ្យដឹងថា ខ្យល់កន្រ្តាក់បានបណ្តាលឲ្យរលំផ្ទះរបស់ប្រជាពលរដ្ឋចំនួន ប្រាំ ខ្នងបាក់រលំរាបដល់ដី និងសង្កត់លើសមាជិកក្រុមគ្រួសាររងរបួសចំនួន ប្រាំបី នាក់ត្រូវបានបញ្ជួនទៅសង្រ្គោះឯមន្ទីរពេទ្យ។

លោកអភិបាលស្រុកស្រីសន្ធរបានបន្តថា ក្នុងនោះក្រៅពីរលំផ្ទះចំនួន ប្រាំ ខ្នងបាក់រាបដល់ដី មានផ្ទះប្រជាពលរដ្ឋចំនួន ពីរ របើកដំបូលប្រក់ស័ង្កសី និងរបើកដំបូលផ្ទះក្បឿងចំនួន ៥៦ ខ្នងបន្ថែមទៀត៕