សេដ្ឋកិច្ច

ខេត្តស្ទឹងត្រែងកែច្នៃគ្រាប់ស្វាយចន្ទីលក់ដល់ទីផ្សារក្រៅប្រទេស

ដោយ៖សុខុម

ស្ទឹងត្រែង៖ អ្នកខេត្តស្ទឹងត្រែងបង្កើតសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីពីវត្ថុធាតុដើម ឱ្យទៅជាពាក់កណ្តាលសម្រេច រួចទៅលក់លើទីផ្សារក្នុងស្រុកដូចជាផ្សារទំនើបនៅទីក្រុងភ្នំពេញនិងតាមអនឡាញ  ខ្លះទៀតបញ្ចេញទៅលក់នៅទីផ្សារក្រៅប្រទេស។

លោកស្រីមុត ចរិយា    នាយិកាក្រុមហ៊ុនហែនក្រាហ្វធីតឃែ ស៊ូណាត់ ស្ទឹងត្រែង នៅឃុំស្រែក្រសាំង ស្រុកសៀមបូកបានឱ្យCambodia Flash Newsដឹងនៅថ្ងៃទី២៤ឧសភាឆ្នាំ២០២៣ថា សហគ្រាសកែច្នៃ គ្រាប់ស្វាយចន្ទីលោកស្រីមកដល់ពេលនេះមានសមត្ថភាពផលិតបាន២តោនក្នុង១ថ្ងៃ។ ចំពោះ ការផលិតកែច្នៃនោះមានដូចជា៖១.ផលិតផលពាក់កណ្តាលសម្រេច (ជាគ្រាប់ ស) , ២.ផលិតផលសម្រេច មាន៥រសជាតិ (មានចន្ទីរសជាតិហិរ,ចន្ទីរសជាតិអំបិល,រសជាតិទឹកដោះគោ,ចន្ទីរសជាតិជូអែមនិង ចន្ទីរសជាតិតុំយាំ)។

សហគ្រាសនេះបានចុះបញ្ជីរួចហើយ នៅក្រសួងពាណិជ្ជកម្មកាលពីខែកុម្ភៈឆ្នាំ២០២១។ប្រមូលទិញគ្រាប់ពីកសិករកិច្ចសន្យាផលិតកម្មកសិកម្មចំនួន១០២នាក់ផ្ទៃដី៤៥០ហិកតា។

នៅឆ្នាំ២០២២ប្រមូលទិញគ្រាប់ចន្ទីស្រស់ បាន៤៨ តោន។នៅសល់គ្រាប់ស្ងួត ដែលអាចផលិតបានពីឆ្នាំ ២០២២ ចំនួន ៤០តោន។លក់សាច់គ្រាប់ពាក់កណ្តាលសម្រេចបានចំនួន ២៩ តោន។ បច្ចុប្បន្នមានកម្មករក្នុងសិប្បកម្មគ្រាប់ចន្ទី ចំនួន ២០នាក់។

  នៅពេលខាងមុខនេះគ្រោងពង្រីកកំលាំងពលកម្មបន្ថែមដល់ចំនួន ៥០នាក់។ផលិតផល ពីសហគ្រាស បានលក់ចេញទៅទីផ្សារធំៗនៅប្រទេសអាមេរិក ជប៉ុន កូរ៉េខាងត្បូង អង់់គ្លេស,សិង្ហបុរី។

លោកស្រី មុត ចរិយាបាននិយាបន្ថែមទៀតថាសហគ្រាសលោកស្រី មានតម្រូវការ ប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករបន្ថែមទៀតផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារ។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបាននិយាយថា លោកសូមលើកទឹកចិត្តដល់កសិករ   ដែលដាំស្វាយចន្ទី ខិតខំពង្រីកផ្ទៃដីបង្កើនការផលិតឱ្យមានគុណភាព ត្រូវតាមស្តង់ដារ លក់ទៅកាន់ទីផ្សារក្នុងស្រុកជាពិសេសលក់ទៅឱ្យសហគ្រាសប្រមូលទិញ។

មន្ទីរកសិកម្មនៅតែបន្តគាំទ្រផ្តល់ដល់កសិករសូមឱ្យដាំដំណាំដែលមានទីផ្សារកាន់តែច្រើនបន្ថែមទៀត។

សូមញ្ជាក់ថា ខេត្តស្ទឹងត្រែង បច្ចុប្បន្នមានផ្ទៃដីដាំស្វាយចន្ទីចំនួន៤៤៥២៧ហិកតានិងទទួលបានបរិមាណផលប្រមាណ ៤០ ០០០ តោន ក្នុងមួយឆ្នាំ។

លោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី២៣ឧសភា ក្នុងពេលជួបកសិករនៅស្រុកសៀមបូក បានមានប្រសាសន៍ ជំរុញដល់សិប្បកម្មកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុន(ឃែស៊ូណាត់)នៅខេត្តស្ទឹងត្រែង បង្កើនចង្វាក់ផលិតកម្មដើម្បីនាំចេញផលិតផលសម្រេច ទៅទីផ្សារក្រៅប្រទេសមានការប្រកួតប្រជែងខ្ពស់និងផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងស្រុកឲ្យបានកាន់តែច្រើនថែមទៀត៕