សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ករណីលួចម៉ូតូ

ដោយ៖វិចិត្រ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលធ្វើសកម្មភាពលួចម៉ូតូនៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែឧសភា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្រុមជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូតែមិនបានសម្រេច។ ជនសង្ស័យឈ្មោះ កេ សុខនី អាយុ១៩ឆ្នាំ នៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ប្រើប្រាស់សារធាតុញៀន និងឈ្មោះ សារុន ចាន់រះ អាយុ១៨ឆាំ្ន នៅបន្ទប់ជួល សងា្កត់បឹងកក់១ ខណ្ឌទួលគោក ប្រើសារធាតុញៀន។ចំណែកម្ចាស់ម៉ូតូឈ្មោះ ប៊ុត ភីដែត ភេទស្រី អាយុ២២ឆាំ្ន មុខរបរអ៊ុតសក់ នៅផ្ទះជួល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

វត្ថុតាងដកហូតមាន-ដែកសំប៉ែតចុងស្រូច១-ម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1BE-3022 ជារបស់ជនសង្ស័យ និងម៉ូតូម៉ាកTODAY ផ្លាកលេខភ្នំពេញ1W-4192 ជារបស់ជនរងគ្រោះប្រគល់ឱ្យម្ចាស់ដើមវិញ។ នៅថ្ងៃកើតហេតុជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមខាងលើមកឈប់នៅមុខផ្ទះអ៊ុតសក់​ប្រុងលួចឆ្កឹះសោម៉ូតូក៏ត្រូវជនរងគ្រោះឃើញស្រែកឆោឡាឡើង។ពេលនោះត្រូវពលរដ្ឋជួយឃាត់​ជនសង្ស័យ២នាក់យកប្រគល់ឱ្យសមត្ថកិច្ចតែម្តង៕