ព័ត៌មានជាតិ

សត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ

អ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់សត្វនេះសរុបមានចំនួន ៧១ ក្បាល ព្រមទាំងកូនសត្វរំពេរទន្លេដែលទើបនឹងញាស់មានសុខភាពល្អចំនួន ៣ក្បាល ទៀត ក្នុងឆ្នាំ២០២៣ ។

ទាំងអស់នេះយោងតាមសេចក្តីរាយការណ៍ថ្មីមួយកាលពីដើមសប្តាហ៍នេះស្តីពីការគ្រប់គ្រងសំបុក និងរាប់ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ ដែលដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF នៅចន្លោះខែកុម្ភៈដល់ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋានក្នុងសកម្មភាពការងារ។

គួរបញ្ជាក់ថា ចំនួនសត្វរំពេរទន្លេក្នុងឆ្នាំ២០២៣នេះ ជាចំនួនកើនឡើង ដល់ទៅប្រមាណជិត ១៣០ ភាគរយ បើប្រៀបធៀបជាមួយនឹងលទ្ធផលតាមដានចំនួនសត្វនេះទទួលបានកាលពី ៧ឆ្នាំមុន ពោលគឺពីចំនួនត្រឹមតែ ៣១ក្បាល ក្នុងឆ្នាំ ២០១៦ កើនដល់ ចំនួន ៧១ក្បាល ក្នុងឆ្នាំ ២០២៣នេះ។ បច្ចុប្បន្នសត្វរំពេរទន្លេព្រមទាំងកូនទាំងនេះកំពុងរស់នៅយ៉ាងសុខសាន្តក្នុងសំបុកសរុបចំនួន ៣១សំបុក ដែលស្ថិតក្រោមការការពារដោយសហគមន៍មូលដ្ឋានដែលរស់នៅជាប់នឹងតំបន់ទីជម្រកតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។

សត្វនេះត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN ។សត្វរំពេរទន្លេជាបក្សីដ៏កម្រមួយប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វនេះបានថយចុះយ៉ាងខ្លាំង រហូតដល់ទៅជាង ៨០ភាគរយ ក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយ ដោយមូលហេតុចំបងៗនៃការធ្លាក់ចុះ ភាគច្រើនបណ្តាលមកពីសកម្មភាពរបស់មនុស្ស។ លទ្ធផលនៃការតាមដានសត្វរំពេរទន្លេនាពេលនេះជាភស្តុតាងមួយដែលបង្ហាញថា ចំនួនសត្វនេះបានចាប់ផ្តើមកើនឡើងវិញបន្តិចហើយ ដែលជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្សប្រភេទសត្វដ៏កម្រនេះនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

យើងសូមថ្លែងអំណរគុណដល់ប្រជាជនក្នុងមូលដ្ឋាននៃតំបន់ទីជម្រកសត្វរំពេរទន្លេរស់នៅសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិរក្សតាមរយៈកម្មវិធីការពារសំបុកសត្វស្លាប ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការWWF ក្រោមការឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលនៃប្រទេសប៊ែលហ្សិក (DGD) WWF-ប៊ែលហ្សិក និងកម្មវិធី CRxN ក្រោមកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលអូស្ត្រាលី & WWF-អូស្ត្រាលី៕