ព័ត៌មានជាតិ

ដំណឹងស្តីពីការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

ដោយ៖វិចិត្រ

ភ្នំពេញ​៖​ព្រឹកថ្ងៃ​ទី​២៤​ ខែឧសភា​ឆ្នាំ​២០២៣នេះ​ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះ យកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។

នៅក្នុង​សេចក្តីជូនដំណឹងបានបញ្ជាក់ថា​ ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តនៅថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) អនុញ្ញាតឱ្យអ្នកសារព័ត៌មានដែលបានចុះយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២រួចហើយ អាចចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ដោយគ្រាន់តែឱ្យតំណាងអង្គភាពបញ្ជាក់ការចូលរួមតាមរយៈការស្កេន QR Code ដូចភ្ជាប់ខាងក្រោមរួចបញ្ចូលឈោ្មះនិងលេខសម្ងាត់ដែលមានស្រាប់។

សម្រាប់អ្នកសារព័ត៌មាន ដែលមិនបានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ទេ សូមចុះឈ្មោះដោយភ្ជាប់មកនូវឯកសារតម្រូវដូចជា៖ ១-រូបថត៤គុណ៦-ផ្ទាំងខាងក្រោយពណ៌ស ក្នុងទម្រង់ .jpg ដែលមានទំហំមិនលើសពី២MB។២-អត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែនមានសុពលភាព។៣-បណ្ណសារព័ត៌មានមានសុពលភាព។៤-លិខិតចាត់តាំងពីអង្គភាពសាមីឱ្យមុនថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៣ សូមស្កេនQR Code ដើម្បីចុះឈ្មោះថ្មី។ សូមបញ្ជាក់ថាអ្នកសារព័ត៌មាននៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានត្រូវចុះឈ្មោះ​ តាមរយៈគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកនៅតាមប្រទេសរៀងៗខ្លួន៕