សេដ្ឋកិច្ច

ដាក់ឱ្យដំណើរការប្រើប្រាស់ស្ថានីយទឹកស្អាតតម្លៃជាង១៣លានដុល្លារ

ដោយ៖សុខុម

ស្ទឹងត្រែងស្ថានីយផលិតទឹកស្អាតដែលមានតម្លៃជាង១៣លានដុល្លារ បានដាក់សម្ពោធ ឱ្យប្រើប្រាស់ ជាផ្លូវការហើយ មានទីតាំងនៅ ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កាលពីព្រឹក ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តបានមានប្រសាសន៍ថានេះគឺជាសមិទ្ធផលថ្មីដែលប្រមុខរាជរដ្ឋាភិបាលផ្តល់ឱ្យប្រជាជនខេត្តស្ទឹងត្រែង។ស្ថានីយទឹកស្អាតនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០និងបានបញ្ចប់ឆ្នាំ២០២២ ក្រោមផ្តល់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយះADBក្នុងរង្វង់ទឹកប្រាក់ប្រមាណ ជាង១៣លានដុល្លារអាម៉េរិក។ ស្ថានីយនេះបានបង្កើតនូវ អនុស្ថានីយបូមទឹកមួយ។រោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែង។សាងសង់នៅលើផ្ទៃដីជាងមួយហិកតា។ អាចផលិតទឹកស្អាតបានប្រមាណ១២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។តបណ្តាញបានចំនួន១០ឃុំក្នុងស្រុកក្រុងចំនួន៣។បច្ចុប្បន្នប្រជាពលរដ្ឋប្រើ​ប្រាស់បានជាង៤ពាន់គ្រួសារ។

លោកបណ្ឌិត ចម ប្រសិទ្ធរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ក្រោយពីបើកសម្ផោធសមទ្ធផលថ្មីមួយនេះលើទឹកដីខេត្តស្ទឹងត្រែង នៅពេលខាងមុខ នឹងមានចំណងដៃមួយសម្រាប់អ្នកស្រុកសៀមបូក។ គ្រោងនឹងចំណាយទឹកប្រមាណ ពី៣លានកន្លះ ទៅ៤លានដុល្លារបន្ថែមទៀត សម្រាប់តបណ្តាញពីស្ថានីយធំ ទៅកាន់ស្រុកសៀមបូក និងអាចសាងសង់អនុស្ថានីយមួយទៀតនៅអូរពងមាន់។

លោក ចម ប្រសិទ្ធបញ្ជាក់ថាបើចរចាលុយជាមួយADBមិនបានទេលោកនឹងស្នើសុំទៅសម្តេចតេជោដើម្បីបានថវិកា៤លានដុល្លារជួយដល់ប្រជាពលរដ្ឋស្រុកសៀមបូកបានទឹកស្អាតប្រើប្រាស់៕