ព័ត៌មានជាតិ

សត្វទន្សោង២ហ្វូងបង្ហាញខ្លួនក្នុងព្រៃរបោះនិងតំបន់ចម្ការប៉ែកខាងកើតខេត្តបាត់ដំបង

ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង៖សត្វទន្សោង២ហ្វូងប្រមាណជាង៣០ក្បាល បានបង្ហាញខ្លួនពេលដើរឆ្លងកាត់ដីចម្ការ និងព្រៃរបោះកំពុងស្វែងរកចំណីក្នុងស្រុកគាស់ក្រឡ ប៉ែកខាងកើតខេត្តបាត់ដំបង ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភាថា ពលរដ្ឋដែលមានចម្ការក្នុងភូមិសាស្ត្រអូរទ្រូងអណ្តើក ឃុំឈ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រទះឃើញជាលើកដំបូងនូវហ្វូងសត្វទន្សោងជាច្រើនក្បាលចាប់តាំងពីក្រោយសម័យសង្គ្រាមមក ដែលការប្រទះឃើញជាហូរហែនេះចាប់ពីដើមខែឧសភាមកទល់បច្ចុប្បន្ន។

ប្រធានមន្ទីរកសិកម្មបានបន្តថា ហ្វូងសត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនេះហាក់មិនសូវខ្លាចរអាអ្នកស្រុកឡើយ។ជាក់ស្តែងកាលពីថ្ងៃទី៥ដល់ថ្ងៃទី១៩ ខែឧសភាកន្លងមកនេះកសិករឈ្មោះសេង ហៃ ក៏ដូចជាបងប្អូនកសិករផ្សេងទៀត តែងតែបានឃើញសត្វទន្សោងរហូតដល់ទៅ២ហ្វូង។ ដោយក្នុងមួយហ្វូងៗមានសត្វទន្សោងប្រមាណជា១២ក្បាលទៅ២០ក្បាល។

តាមការអះអាងរបស់កសិករ សេង ហៃ បានបញ្ជាក់ថា សត្វទន្សោងដែលប្រទះឃើញខាងលើពួកវាតែងតែចល័តទៅមកដើម្បីស្វែងរកចំណី និងទៅផឹកទឹកនៅទីទំនាប ក្បែរទីកន្លែងដែលពួកវារស់នៅលើភ្នំអូរទ្រូងអណ្តើក និងភ្នំស្អាងនុម ដោយអំឡុងពេលព្រឹកវាចាប់ផ្តើមចុះពីលើភ្នំ និងពេលល្ងាចវាឡើងទៅទីជម្រករបស់វាលើភ្នំវិញ។

មន្ត្រីជំនាញបានចុះពិនិត្យ ព្រមទាំងបានអំពាវនាវដល់កងកម្លាំង ពិសេសប្រជាពលរដ្ឋដែលរស់នៅ តំបន់ក្បែរៗនោះកុំបរបាញ់ ឬដាក់អន្ទាក់នាំឱ្យផ្អើលដល់ហ្វូងសត្វទន្សោង ឬសត្វព្រៃផ្សេងៗជាច្រើនទៀតដែលជាធនធានធម្មជាតិដ៏កម្រ ហើយពួកវាបានផ្តល់នូវសារប្រយោជន៍ យ៉ាងសំខាន់សម្រាប់ជាតិទាំងមូល។ក្នុងនោះរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍ខ្លាំង ថែមទៀតបានគយគន់ទស្សនា៕