សន្ដិសុខសង្គម

លួចម៉ូតូពីស្រុកកណ្ដាលស្ទឹងត្រូវសមត្ថកិច្ចចាប់បាននៅខណ្ឌដង្កោ

កណ្តាល៖ជនសង្ស័យបានលួចម៉ូតូជិះរត់ពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចខណ្ឌដង្កោ រាជធានីភ្នំពេញចាប់បាននៅម្តុំស្តុបផ្សារថ្នល់បត់ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី២២ ខែឧសភា។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ រួត ប៉ុនរឿត អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំវត្តនាគវ័ន្ត ខណ្ឌទួលគោក ។សមត្ថកិច្ចដកហូតម៉ូតូម៉ាកហុងដាផ្លាកលេខ ភ្នំពេញ1CY 0527 ជារបស់ជនរងគ្រោះ រួមទាំងឧបករណ៍សម្រាប់កាច់កម៉ូតូមួយឈុត។ចំណែកម្ចាស់ម៉ូតូឈ្មោះ ហួង លី អាយុ​៦០​ឆ្នាំ ​​នៅ​ភូមិ​តា​ឡឹប ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល។

លោក​វរសេនីយ៍ទោ ជាង ហ៊ុ​ក​សែ អធិការរង​នគរបាល​ខណ្ឌដង្កោបានឱ្យ​ដឹង​ថា មុន​កើតហេតុ បុរស​​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​របស់​ខ្លួនដោយ​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ​​ទេ​។​ពេល​នោះ​ជនសង្ស័យ​ឃើញ​ក៏​ឆ្លៀតឱកាស​​ធ្វើ​ជា​ដើរ​ចូល​បន្លំ​​​ទៅ​ទិញ​សាប៊ូ ព្រោះ​ផ្ទះ​​ជន​រង​គ្រោះ​មាន​លក់​គ្រឿង​ចាប់ហួយ​​។

ពេល​ម្ចាស់​ភ្លេចខ្លួន​ ស្រាប់តែ​ជនសង្ស័យ​​បញ្ឆេះ​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​តែ​ម្តងរហូត​ចូល​ដល់​ទឹកដី​ខណ្ឌដង្កោ​ កម្លាំង​​មូលដ្ឋានបាន​ចេញ​អន្តរាគមន៍​ជួយ​ដេញតាម ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន និង​ដកហូត​ម៉ូតូ​របស់​ជន​រង​គ្រោះ​មក​វិញ។​ករណី​នេះ​គឺ​កើតហេតុ​នៅ​​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោយពេលសួរនាំរួច ទើប​នគរបាល​ប៉ុស្តិ៍​​ដង្កោបាន​ប្រគល់ឱ្យខាង​ស្រុក​កណ្ដាលស្ទឹងយក​ទៅ​បន្ត​នីតិវិធី​​៕