សេដ្ឋកិច្ច

រាជរដ្ឋាភិបាលគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវជាតិលេខ៦ ស្រុកជើងព្រៃ

ដោយ៖គង់ហេង

កំពង់ចាម៖រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលមានឈ្មោះ“ជាំងស៊ូ”នៅផ្លូវជាតិលេខ៦ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសឈ្មោះ “ជាំងស៊ូ”នៅផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកជើងព្រៃ។គម្រោងនេះនឹងអាចស្រូបកម្លាំងពលកម្មប្រមាណ៥ម៉ឺននាក់នាពេលខាងមុខ។

លោកបណ្ឌិតដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងឱ្យកាសដែលលោកបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តសែនមនោរម្យ ហៅវត្តចាស់ ក្នុងស្រុកកងមាស និងនៅចំពោះមុខប្រជាពលរដ្ឋចូលរួមប្រមាណជាង៦.០០០ នាក់កាលពីថ្ងៃទី ២២ ឧសភា។

លោកបណ្ឌិតបានបន្តថា បច្ចុប្បន្នគម្រោងពង្រីកផ្លូវជាតិលេខ៧ បាននិងកំពុងដំណើរការ។ ប៉ុន្តែនៅពេលខាងមុខ រាជរដ្ឋាភិបាលគ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស“ជាំងស៊ូ”នៅផ្លូវជាតិលេខ៦ ក្នុងស្រុកជើងព្រៃ នឹងបង្កើតនូវឱកាសឧស្សាហកម្មរោងចក្រ សហគ្រាសផ្សេងៗ។

ក្នុងនោះនឹងបង្កើតជារោងចក្រកាត់ដេរ ដែលមានគុណភាពកម្រិតខ្ពស់ រោងចក្រដំឡើងរថយន្ត រោងចក្រផលិតអគ្គិសនី រោងចក្រផ្សេងៗជាច្រើនទៀត… ដែលអាចស្រូបយកកម្លាំងពលកម្មប្រមាណ៥ម៉ឺននាក់ ជាពិសេសស្រូបយកអ្នកខេត្តកំពង់ចាមនេះច្រើនជាងគេ៕