អន្តរជាតិ

អ៊ុយក្រែនសង្ឃឹមទទួលបានF-16 ខណៈរុស្ស៊ីគគ្រឺតធ្មេញដាក់បស្ចិមប្រទេស

ដោយ៖តុលា

អ៊ុយក្រែនបង្ហាញក្តីរំពឹងនឹងទទួលបានយន្តហោះចម្បាំង F-16 រាប់សិបគ្រឿងឆាប់ៗនេះ ខណៈដែលរុស្ស៊ីប្រកាសគំរាមប្រើធម៌ក្តៅដាក់លោកខាងលិច។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោកវរសេនីយ៍ឯក Yuri Ignat បានប្រាប់ទូរទស្សន៍ Espreso ដែលជាប្រភពឃ្លាំមើលសង្រ្គាមយ៉ាងជាប់លាប់កាលពីថ្មីៗនេះថា “យើងនឹងឈ្នះសង្គ្រាមនេះ” នៅពេលដែលមានដាក់ពង្រាយយន្តហោះចម្បាំង F-16  ផ្តល់ការការពារនៅក្នុងតំបន់យើង។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនរូបនេះ បានបន្តទៀតថា អ៊ុយក្រែននឹងទទួលបានយន្តហោះ F-16 ជាច្រើនគ្រឿង។ វានឹងត្រូវផ្ទេរមកអ៊ុយក្រែនជាក្រុម ហើយក្នុងពេលតែមួយទៀត។ អ៊ុយក្រែនចង់ទទួលបានយន្តហោះចម្បាំង F-16 ដើម្បីបង្កើតកងរវសេនាធំក្រុមបី ឬបួន ចន្លោះពី ៤០ ទៅ ៥០ គ្រឿង។

បែបនេះក្តី ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសលោកខាងលិចនឹងដំណើរការ “ហានិភ័យដ៏ធំហើយ” ប្រសិនបើពួកគេពិតជាហ៊ានផ្គត់ផ្គង់អ៊ុយក្រែនជាមួយនឹងយន្តហោះចម្បាំង F-16 មែននោះ។ “ក្នុងករណីណាក៏ដោយ នេះនឹងត្រូវយកមកពិចារណានៅក្នុងផែនការរបស់យើងទាំងអស់ ហើយយើងមានមធ្យោបាយចាំបាច់ទាំងអស់ដើម្បីសម្រេចបាននូវគោលដៅដែលយើងបានកំណត់”។

ការកត់សម្គាល់ទាំងអស់នេះ កើតឡើងក្រោយរដ្ឋបាលសេតវិមានចូបៃដិន បានប្រកាសគាំទ្រសម្រាប់ការផ្តល់ និងការបង្ហាត់បង្រៀនទាហានអ៊ុយក្រែនលើយន្តហោះចម្បាំងក្នុងអំឡុងកិច្ចប្រជុំប្រទេសG7 នាប្រទេសជប៉ុន៕

ប្រភព៖ REUTERS