អន្តរជាតិ

ហ្សេឡិនស្គីឆ្លៀតសុំអាវុធពីជប៉ុន និងកូរ៉េខាងត្បូងនៅក្នុងកិច្ចប្រជុំG7

ដោយ៖តុលា

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី កាលពីចុងសប្តាហ៍ក្តៅៗនេះបានចាក់វោហារសាស្រ្តសំដែងក្តីទុក្ខសោកទៅកាន់កូរ៉េខាងត្បូងនិងជប៉ុន ដើម្បីអំពាវនាវសុំអាវុធសាហាវៗប្រឆាំងនឹងរុស្ស៊ី។

នៅក្នុងជំនួបក្រុមប្រទេសអ្នកមានទាំង៧ ឬហៅកាត់ថា G7 នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យទី ២១ ខែឧសភា ឆ្នាំ២០២៣ លោកហ្សេឡិនស្គី មេដឹកនាំអ៊ុយក្រែនបានអំពាវនាវយ៉ាងពេញទំហឹងទៅកាន់គូកនជប៉ុន និងកូរ៉េខាងត្បូង សម្រាប់ការបញ្ជូននូវជំនួយអាវុធសាហាវៗមកឲ្យខ្លួន ខណៈចាប់តាំងពីសង្រ្គាមមករដ្ឋទំាងនេះបានគ្រាន់តែផ្តល់នូវជំនួយមនុស្សធម៌ប៉ុណ្ណោះ។

លោកបាននិយាយថា ទាក់ទងនឹងសម្ពាធការទូតលើប្រទេសរុស្ស៊ី និងទម្រង់មួយចំនួននៃដំណោះស្រាយ​ការទូតនៃសង្គ្រាមនៅអ៊ុយក្រែន លោកដឹងថាវាពិបាកនឹងបញ្ជូនអាវុធមកឲ្យអ៊ុយក្រែន ព្រោះតែធាតុសំខាន់ៗដូចជាការគោរពចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ”។ តែយ៉ាងណាលោកបានថ្លឹងថ្លែងរវាងការឈ្លានពានដ៏មហន្តរាយរបស់រុស្ស៊ីសម្រាប់ការមិនអាចឈរឱបដៃមើលបាន និងត្រូវតែរួបរួមគ្នាកម្ចាត់។

លោកស្គីថែមទាំងបានសំដែងក្តីទុក្ខសោកជាមួយជនជាតិជប៉ុនចំពោះសោកនាដកម្មហ៊ីរ៉ូស៊ីម៉ា ហើយប្រៀបធៀបនោះទៅនឹងការស្លាប់នៅបាក់មុតផងដែរ។ លោកបាននិយាយថា “រូបថតនៃទីក្រុងហ៊ីរ៉ូស៊ីម៉ា ធ្វើឱ្យខ្ញុំនឹកឃើញដល់ក្រុង Bakhmut ។ គ្មានអ្វីនៅរស់ទេ។ អគារទាំងអស់ត្រូវបានបំផ្លាញ”។ “យើងសង្ឃឹម និងសុបិនចង់ស្តារក្រុងយើងឡើងវិញ”៕

ប្រភព៖ CNN