សន្ដិសុខសង្គម

ប៉េអឹមស្រុកស្នួលចុះចាប់ រថយន្តដឹកធ្យូង៣គ្រឿងប្រគល់ឲ្យមេព្រៃ

ដោយ៖សុខុម

ក្រចេះ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្នួលបានបើក ប្រតិបត្តិការបង្ក្រាប រថយន្តដឹកធ្យូងចំនួន៣គ្រឿងបញ្ជូន ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើ រក្សាទុកកាល​ពីថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៣។ការបង្រ្កាបនោះបានធ្វើឡើងនៅ ត្រង់ចំណុច ភូមិ ឃ្សឹមក្រៅ ឃុំ ឃ្សឹម ស្រុក ស្នួល ខេត្តក្រចេះ ។

សមត្ថកិច្ចចុះ​បង្រ្កាបបាននិយាយឱ្យដឹងថា រថយន្តដឹកធ្យូងខាងលើមានគោលបំណង ដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀង ក្នុងទឹកដី ស្រុកស្នួល។

បន្ទាប់ពីមានបទល្មើសដឹកធ្យូងឆ្លងដែនខុសច្បាប់កម្លាំងកងរាជអាវុធហត្ថស្រុកស្នួល ស្នាក់ការសន្តិសុខ៧១១ដឺកនាំដោយលោក វរសេនីយ៍ត្រី លន់ ប៊ុនថុល ចុះបង្ក្រាបរថយន្តដឹក ផលអនុផលព្រៃឈើគ្មានលិខិតអនុញាតទាំងបីគ្រឿងនេះប្រគល់ឱ្យជំនាញបន្តនីតិវិធី ។

សមត្ថកិច្ចបានបញ្ជាក់ថាកងកម្លាំងមិនបានឃាត់ខ្លួនអ្នកបើកបររថយន្តសាំយ៉ុងដឹកធ្យូងទាំងបីគ្រឿងនោះទេពីព្រោះអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ពេលឃើញសមត្ថកិច្ចដេញស្ទាក់៕