សន្ដិសុខសង្គម

ទំនាស់ពាក្យសម្តីពេលផឹកស្រា ម្ចាស់ផ្ទះកាប់ភ្ញៀវស្លាប់ក្នុងថ្លុកឈាម

ដោយ៖ គង់ហេង

កំពង់ចាម៖ម្ចាស់ផ្ទះបានទាញកាំបិតផ្គាក់កាប់លើបុរសជាភ្ញៀវឱ្យរបួសជាច្រើនកន្លែងបណ្តាលឱ្យជនរងគ្រោះដួលស្លាប់ក្នុងថ្លុកឈាមបរិវេណផ្ទះជនសង្ស័យ នៅភូមិអូរតា ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២២ ឧសភានេះ។

ករណីនេះសមត្ថកិច្ចបានចុះចាប់ជនដៃដល់បានភ្លាមៗឈ្មោះ ឈាន់ សុផាន់ណា អាយុ ៣៨ ឆ្នាំ នៅភូមិឃុំកើតហេតុ។ ចំណែកជនរងគ្រោះដែលត្រូវម្ចាស់ផ្ទះកាប់ស្លាប់នោះឈ្មោះ ស៊ិន សុខហាក់ អាយុ ៤៥ ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

សមត្ថកិច្ចបានឱ្យដឹងទៀតថាៈ ជនរងគ្រោះដែលស្លាប់បានរងរបួសជាច្រើនកាំបិត ចំកញ្ចឹងក-ចំចិញ្ចើមខាងឆ្វេង-ចំកែងដៃទាំងសងខាង-ចំចង្កេះខាងស្តាំនិងបែករយះលលាដ៍ក្បាលបណ្តាលឱ្យស្លាប់ភា្លម។ករណីឃាតកម្មនេះ គឺជនរងគ្រោះបានទៅផឹកស្រានៅផ្ទះជនសង្ស័យ ក្រោយមកក៏ប៉ះពាក្យសម្តីគ្នាបន្តិចបន្តួច ។ជនសង្ស័យបានទាញកាំបិតផ្គាក់កាប់លើឈ្មោះ ស៊ិន សុខហាក់ រហូតស្លាប់។ករណីនេះខាងសមត្ថកិច្ចនគរបាលបានសាកសួរជនសង្ស័យ និងកសាងសំណុំរឿងដើម្បីបញ្ជូនបន្ត៕