អន្តរជាតិ

ទាហានស៊ីឈ្នួលរុស្ស៊ីថានឹងចាកចេញពីជួរមុខនៅប៉ុន្មានថ្ងៃទៀត

ដោយ៖តុលា

មេក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ីបានបញ្ជាក់ចុងក្រោយថា នឹងដកទ័ពចាកចេញពីសមរភូមិជួរមុខជាមួយនឹងអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខនេះ តែនឹងប្រគល់តំណែងឲ្យទៅក្រសួងការពារជាតិរុស្ស៊ី។

ប្រធានក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងសារជាសំឡេងនៅលើទំព័រ Telegram នៃសេវាសារព័ត៌មានរបស់គាត់ថា “ដូចដែលខ្ញុំបាននិយាយកាលពីម្សិលមិញ យើងកំពុងប្រគល់មុខតំណែងរបស់យើងទៅឱ្យក្រសួងការពារជាតិ (រុស្ស៊ី) ហើយនៅថ្ងៃទី ២៥ យើងនឹងចាកចេញពីតំបន់ប្រយុទ្ធ”។ ដោយបន្តថា ដូច្នេះ​រាល់​កិច្ចការ​ដែល​នឹង​បន្ត​អនុវត្ត​គឺ​ត្រូវ​អនុវត្ត​ដោយ​អង្គភាព​ក្លាហាន​របស់​ក្រសួងការពារជាតិ ហើយ​យើង​ចេញ​ទៅ​ជំរំ​នៅ​តាម​វាលស្រែ​”​។

លោក Prigozhin បានបន្ថែមថា “ចាប់ពីថ្ងៃទី ១ ខែមិថុនាតទៅ លែងមានកងចម្បាំង ស៊ីឈ្នួល Wagner PMC នៅជួរមុខទៀតហើយ រហូតដល់យើងឆ្លងកាត់ការរៀបចំ និងឧបករណ៍ ការបណ្តុះបណ្តាលជាថ្មីរួច”។

ជាមួយគ្នានេះ លោក Prigozhin បានសង្កត់ធ្ងន់ថា តំបន់បាក់មុតត្រូវបានទ័ពរបស់លោកកាន់កាប់ទាំងស្រុងហើយ ដោយច្រានចោលការអះអាងទាមទាររបស់ហ្សេឡិនស្គីថាជារឿងមិនពិត។ ហ្សេឡិនស្គីនិយាយថា កងកម្លាំងអ៊ុយក្រែនកំពុងឈរជើងយ៉ាងរឹងមាំនិងបណ្តេញទ័ពរុស្ស៊ីពីបាក់មុតគិតត្រឹមថ្ងៃអាទិត្យ៕

ប្រភព៖ CNN