ព័ត៌មានជាតិ

ជប៉ុនផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងបន្ថែមជាង៥៥លានដុល្លារ

ដោយ៖វិចិត្រ

ភ្នំពេញ៖ជប៉ុនបានផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងបន្ថែមជាង៥៥លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងចំនួន២។

យោងតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានិងឯកឧត្តមយូនីអូ អាតហ្សូហ្ស៊ី(UENO Atsushi) ឯកអគ្គរាជទូតជប៉ុននឹងអញ្ជើញជាអធិបតីក្នុងការចុះហត្ថលេខាលើលិខិតប្តូរប្រគល់និងទទួលឥណទាននេះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនៅទីស្តីការក្រសួងការបរទេសកម្ពុជា។

ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា ឥណទានទាំងនេះសម្រាប់អនុវត្តគម្រោងចំនួន២។ទី១-ឥណទានសម្បទានទឹកប្រាក់​ចំនួន៧២០៥លានយ៉េន ប្រមាណ៥២,៦លានដុល្លារ​សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥ កំណាត់ផ្លូវព្រែកក្តាម-ធ្លាម្អមដំណាក់កាលទី៤។ទី២-ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ចំនួន៣៦៦លានយ៉េន ប្រមាណ២,៦៧លានដុល្លារ សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធានមនុស្ស។

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការខាងលើនឹងចូលរួមចំណែក​ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋសង្គមជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបង្កើនការពង្រឹងទំនាក់ទំនងដ៏ល្អប្រពៃនិងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់ លើគ្រប់វិស័យរវាងប្រជាជាតិទាំង២៕