អន្តរជាតិ

ជប៉ុនផ្តល់រថយន្តប្រយុទ្ធ១០០គ្រឿង, អាហារ៣ម៉ឺនកញ្ចប់ដល់អ៊ុយក្រែន

ដោយ៖តុលា

នៅទីបំផុតរាជរដ្ឋាភិបាលប្រទេសជប៉ុន បានប្រកាសផ្តល់ជំនួយយោធារថយន្តប្រយុទ្ធ១០០គ្រឿង ព្រមទាំងកញ្ចប់ស្បៀងអាហារហូបចុក៣ម៉ឺនកញ្ចប់ដល់អ៊ុយក្រែន។

នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបាននិយាយកាលពីថ្ងៃទី២១ ខែឧសភា ក្នុងពេលជួបជាមួយលោកហ្សេឡិនស្គីមេដឹកនាំអ៊ុយក្រែន។ លោកថា ប្រទេសជប៉ុននឹងបញ្ជូនរថយន្តយោធាប្រហែល ១០០ គ្រឿង និងគ្រឿងបរិភោគហូបចុកអាហារ ៣០០០០កញ្ចប់ជូនដល់ប្រជាជនអ៊ុយក្រែនដែលកំពុងប្រយុទ្ធតស៊ូនឹងរុស្ស៊ី។

លោក Kishida សង្កត់ធ្ងន់ថា មេដឹកនាំ G7 រួបរួមគ្នាជាងពេលណាៗទាំងអស់ទាក់ទងនឹងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ហើយជប៉ុននឹងគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំងលើគ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីផងដែរ។ បើតាមក្រសួងការបរទេសជប៉ុនបានរាយការណ៍ Kishida ក៏បានហៅការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ីថា“មិនអាចទទួលយកបាន”។

ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងធានានូវមូលបត្របំណុល  សាមូរ៉ៃតម្លៃ ៦៧៤លានដុល្លារសម្រាប់ប្រទេសប៉ូឡូញ ដើម្បីគាំទ្រជនភៀសខ្លួនអ៊ុយក្រែន។ លើសពីនេះ ជប៉ុនគ្រោងនឹង​​ផ្តល់ជំនួយ​សរុប​ចំនួន ៧,៦ ពាន់​លាន​ដុល្លារ​សម្រាប់​ការកសាង​ឡើងវិញ​របស់​អ៊ុយក្រែន។ ​

កាលពីពេលកន្លងទៅ ចុងខែមីនា ប្រទេសជប៉ុនបានប្រកាសផ្តល់ជំនួយចំនួន ៤០០ លានដុល្លារសម្រាប់ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនដែលរងការខូចខាតយ៉ាងខ្លាំងដោយការវាយប្រហាររបស់រុស្ស៊ីជាបន្តបន្ទាប់៕

ប្រភព៖ AFP

វីដេអូ៖ https://www.youtube.com/watch?v=IHa4uXHum7M