សន្ដិសុខសង្គម

ឆេះនៅលើដំបូលអគារខ្ពស់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម

ដោយ៖សហការី

ព្រះសីហន៖ អគ្គិភ័យបានឆេះនៅពីលើដំបូលអគារកម្ពស់ជាច្រើនជាន់នៅក្រោយសណ្ឋាគារខ្សាច់ស ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងព្រឹកព្រលឹម។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា អគ្គិភ័យនេះគឺបានកើតឡើងនៅវេលាម៉ោងជិត៦ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងក្រុងព្រះសីហនុ។

លោកស្នងការ បញ្ជាក់បន្ថែមថា ក្រោយទទួលព័ត៌មានពីករណីឆេះនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសហការ ជាមួយកម្លាំងកងរាជអាវុហត្ថ កំពង់ផែនិងកងអន្តរាគមន៍ពិសេសង៧០ បានជួយអន្តរាគមន៍ពន្លត់ទៅវិញបានទាំងស្រុង នៅវេលាម៉ោងប្រមាណជាង ៧ព្រឹកក្នុងថ្ងៃដដែល។

ជុំវិញករណីនេះភ្លាមៗគេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ ប៉ុន្តែវាបានបង្កឲ្យខូចខាតសម្ភារមួយចំនួន និងមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិត ហើយកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ថាករណីអគ្គិភ័យនេះឆាបឆេះបណ្ដាលមកពីមូលហេតុអ្វី៕