អន្តរជាតិ

Zelenskyy ពេលទៅប្រជុំ G7 នឹងជួបជាមួយ Kishida នាយករដ្ឋមន្រ្តីជប៉ុន

ដោយ៖រតនា

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលក្រុមទាំងប្រាំពីរ នេះបើយោងតាមក្រសួងការបរទេសរបស់ប្រទេសជប៉ុនបានប្រកាស។

ក្រសួងការបរទេសជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា Zelenskyy ក៏នឹងចូលរួមកិច្ចប្រជុំស្តីពីសន្តិភាព និងសន្តិសុខជាមួយមេដឹកនាំ G7 និងអ្នកតំណាងប្រទេសផ្សេងទៀតក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាផងដែរ។

មេដឹកនាំអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងមកដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ាបន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលគាត់បានអំពាវនាវដល់មេដឹកនាំមជ្ឈិមបូព៌ាឱ្យ “ជួយការពារប្រជាជនរបស់យើង រួមទាំងសហគមន៍មូស្លីមអ៊ុយក្រែនផងដែរ” ។

កាលពីដើមសប្តាហ៍ លោក Zelenskyy ក៏បានធ្វើដំណើរទៅប្រទេសអ៊ីតាលី បុរីវ៉ាទីកង់ អាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ដែលមេដឹកនាំនយោបាយនៃដែនដីទាំងនោះសុទ្ធបានសន្យាថា នឹងជួយស្តុកទុកឡើងវិញនូវការផ្គត់ផ្គង់មីស៊ីល រថក្រោះ និងយន្តហោះគ្មានមនុស្សបើករបដល់អ៊ុយក្រែន៕