អន្តរជាតិ

Zelensky បានជំរុញមេដឹកនាំអារ៉ាប់ឱ្យគាំទ្រអ៊ុយក្រែន

ដោយ៖តុលា

ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវសុំចិត្តមេដឹកនាំអារ៉ាប់ឲ្យគាំទ្រខ្លួន បើទោះបីជារុស្ស៊ីហាក់មានឥទ្ធិពលជាងក៏ដោយ។

លោក Zelensky បាននិយាយនៅថ្ងៃទី ១៩ ខែឧសភា នៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ថា “ខ្ញុំសង្ឃឹមថាភាគច្រើននៃពួកយើងនៅទីនេះ មានចិត្តសម្រាប់ជាប្រយោជន៍នៃសន្តិភាពនិងយុត្តិធម៌”។ “ទោះបីជាមានមនុស្សនៅទីនេះនៅឯកិច្ចប្រជុំកំពូលមានទស្សនៈខុសគ្នាអំពីសង្រ្គាមនៅលើទឹកដីរបស់យើងដោយហៅវាថាជាជម្លោះក៏ដោយ ខ្ញុំប្រាកដថាយើងទាំងអស់គ្នាអាចរួបរួមគ្នាក្នុងការជួយសង្គ្រោះមនុស្សចេញពីទ្រុងនៃគុករុស្ស៊ី”។

Zelensky ក៏បានជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ក៏ដូចជាមន្ត្រីកំពូលនៃប្រទេសអារ៉ាប់រួម អូម៉ង់ គុយវ៉ែត និងអ៊ីរ៉ាក់ផងដែរ។ ក្នុងអំឡុងពេលកិច្ចពិភាក្សាទ្វេភាគីជាមួយ ប៊ីន សាល់ម៉ាន់ លោក Zelensky តាមសេចក្តីរាយការណ៍បានគូសបញ្ជាក់អំពីរូបមន្តសន្តិភាព ១០ ចំណុច និងបានសម្តែងចំណាប់អារម្មណ៍ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយអារ៉ាប៊ីសាអូឌីត ដើម្បីដោះលែងអ្នកទោសសង្គ្រាមពីរុស្ស៊ី។

កាលពីខែកញ្ញាឆ្នាំមុន អារ៉ាប៊ីសាអូឌីតបានជួយដោះលែងអ្នកទោសសង្រ្គាមច្រើននាក់ដែលជាជនជាតិអាម៉េរិក ស៊ុយអែត ក្រូអាត ម៉ារ៉ុក និងចក្រភពអង់គ្លេស ដែលបានប្រយុទ្ធនៅអ៊ុយក្រែន ហើយត្រូវបានរុស្ស៊ីចាប់ជាឈ្លើយសឹកនោះ៕

ប្រភព៖ The Kyiv Independent