អន្តរជាតិ

អង់គ្លេសថា គ្រោះថ្នាក់រថភ្លើងអាចរំខានដល់ការផ្គត់ផ្គង់អាវុធរុស្ស៊ី

ដោយ៖តុលា

ចក្រភពអង់គ្លេសបាននិយាយថា ឧប្បត្តិហេតុរថភ្លើងរុស្ស៊ីចុងក្រោយ អាចរំខានដល់ការផ្គត់ផ្គង់អាវុធនិងការចែកចាយសព្វាវុធ ក៏ដូចជាកាំជ្រួចចម្ងាយឆ្ងាយ Kalibrរបស់    រុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី Tass បានរាយការណ៍ថា រថភ្លើងមួយបានធ្លាក់ផ្លូវនៅជិត Simferopol ក្នុងឧបទ្វីប Crimean ដោយបិទផ្លូវទៅកាន់មូលដ្ឋានទ័ព BSF របស់រុស្ស៊ីនៅ Sevastopol កាលពីថ្ងៃព្រហស្បតិ៍។ បច្ចុប្បន្ន​អាជ្ញាធរ​រុស្ស៊ី​កំពុង​ធ្វើ​ការ​ដោះស្រាយ​ឧបទ្ទវហេតុ​នេះហើយ។

យ៉ាងណាក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងការអាប់ដេតព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនថា ការរំខានផ្លូវរថភ្លើងនៅតំបន់ជុំវិញមូលដ្ឋាននៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ីបែបនេះ អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ និងការចែកចាយសព្វាវុធ ដូចជាកាំជ្រួច Kalibr ។

ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា “ការបំផ្លិចបំផ្លាញណាមួយនៅក្នុងតំបន់នេះនឹងបង្កើនការព្រួយបារម្ភរបស់វិមានក្រឹមឡាំងអំពីសមត្ថភាពរបស់ខ្លួនក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅគ្រីមៀរ”។ “ឧបទ្វីប​នេះគឺរក្សា​តួនាទី​ចិត្តសាស្ត្រ និង​ភស្តុភារ​ដ៏​សំខាន់​ក្នុង​ការ​បើក​ឲ្យ​មាន​សង្គ្រាម​នៅ​អ៊ុយក្រែន”។ រុស្ស៊ី​បាន​ចូល​ឈ្លានពាន និង​បញ្ចូល​ឧបទ្វីបនេះ​ពី​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០១៤៕

ប្រភព៖ CNBC