សេដ្ឋកិច្ច

ដល់កហើយ! អឺរ៉ុបបង្ហាញឆន្ទៈដាក់ទណ្ឌកម្មបិទការជួញដូរត្បូងពេជ្ររុស្ស៊ី

ដោយ៖តុលា

ក្រុមប្រឹក្សាអឺរ៉ុបបង្ហាញពីឆន្ទៈរបស់សហភាពអឺរ៉ុប​ ក្នុងការពិចារណាដាក់ទណ្ឌកម្មលើការជួញដូរត្បូងពេជ្ររុស្ស៊ី បន្តរឹតត្បិតហោប៉ៅចំណូលរុស្ស៊ីក្នុងគ្រាសង្រ្គាម។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានបង្ហាញពីឆន្ទៈរបស់សហភាពអឺរ៉ុបក្នុងការពិចារណាលើការដាក់ទណ្ឌកម្មលើពេជ្ររុស្ស៊ីនៅក្នុងសន្និសីទសារព័ត៌មានមួយមុនពេលកិច្ចប្រជុំកំពូលG7នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុននៅចុងសប្តាហ៍នេះ។

យោងតាមទូរទស្សន៍អាម៉េរិក CNBC លោកប្រធាន Charlesបានមានប្រសាសន៍ថា “ឥឡូវ​នេះ យើង​ផ្តោត​លើ​ការ​បិទ​ទ្វារ​ដោយ​មាន​ចន្លោះ​ប្រហោង និងបន្តកាត់រុស្ស៊ីចេញពីការផ្គត់ផ្គង់សំខាន់ៗ។ យើងនឹងដាក់កម្រិតលើការជួញដូរពេជ្ររុស្ស៊ី។ ពេជ្ររុស្ស៊ីនឹងលែងមានក្នុងការជួញដូរជារៀងរហូត”។

គិតមកដល់ពេលនេះ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន សហភាពអឺរ៉ុបមិនត្រឹមតែបានដាក់ទណ្ឌកម្មលើត្បូងពេជ្ររុស្ស៊ីនោះទេ តែបានអនុវត្តរលកទណ្ឌកម្មជាច្រើនលើកច្រើនសាមកហើយប្រឆាំងនឹងធនាគាររុស្ស៊ី ពាណិជ្ជកម្ម និងថាមពល។

ចក្រភពអង់គ្លេសកាលពីថ្ងៃទី ១៨ ខែឧសភា បានប្រកាសពីចេតនាហាមឃាត់ពេជ្ររុស្ស៊ី រួមជាមួយនឹងការនាំចូលទង់ដែង អាលុយមីញ៉ូម និងនីកែល ដែលមានដើមកំណើតពីរុស្ស៊ី។

ជុំវិញទណ្ឌកម្មទាំងនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ា ឌឹមៀរពូទីន សង្កត់ធ្ងន់ទុកថា វានឹងមិនធ្វើឲ្យរុស្ស៊ីរលត់រលាយនោះទេ ផ្ទុយទៅវិញនឹងធ្វើឲ្យរុស្ស៊ីរួបរួមគ្នាកាន់តែខ្លាំង៕

ប្រភព៖ CNBC