ចំណេះដឹង

គន្លឹះ៤យ៉ាងដែលអាចជួយឱ្យកូនៗកាត់បន្ថយការប្រើប្រាស់ទូរសព្ទដៃ

ដោយ៖រតនា

ឪពុកម្តាយ និងអ្នកថែទាំកូនទាំងអស់គួរបង្កើនការព្រួយបារម្ភអំពីរបៀបតាមដានការចូលប្រើឧបករណ៍ចល័ត កុំព្យូទ័រ និងថេប្លេតរបស់កូនពួកគេជាពិសេសគឺទូរសព្ទតែម្តង ។ ដូចជាប្រិយមិត្តបានដឹងរួចមកហើយថា ការប្រើប្រាស់ទូរសព្ទវាបានផ្តល់នូវផលវិជ្ជមាននិងផលអវិជ្ជមាន

ជាច្រើនមកដល់មនុស្សគ្រប់វ័យ ពិសេសវ័យកុមារតែម្តង។ការធ្វើបែបនេះជារឿយៗនឹងបណ្ដាលឱ្យក្លាយជាទម្លាប់រហូតដល់ពួកគេអាចកើតជំងឺផ្លូវចិត្តណាមួយក៏ថាបាន។

ហេតុផលទាំងអស់នេះហើយដែលជាឪពុកម្តាយឬអាណាព្យាបាលគួរស្វែងយល់និងដឹងនូវគន្លឹះមួយចំនួនដើម្បីជាវិធីងាយបំផុត ក្នុងការកាត់បន្ថយការមើលទូរសព្ទរបស់កូនៗលោកអ្នកមានដូចជា៖

១. បណ្តុះទម្លាប់បែបសាមញ្ញសម្រាប់កុមារ

នៅពេលកូនៗញៀននឹងទូរសព្ទខ្លាំងពេក យើងអាចបង្កើតទម្លាប់តូចៗសាមញ្ញៗសម្រាប់ពួកគេ។ ឧទាហរណ៍ដូចជាពេលបាយហាមលេង ឬចុចទូរសព្ទជាដើម។ ការអនុវត្តបែបនេះយូរទៅវានឹងអាចឱ្យពួកគេមានទម្លាប់ល្អក៏ដូចជាចូលចុះក្នុងសង្គមនៅពេលខាងមុខផងដែរ។

២.បង្កើតកម្មវិធីឱ្យមានភាពស្និទ្ធស្នាល

ការបង្កើតកម្មវិធីក្នុងគ្រួសារគឺជាវិធីមួយផ្សេងទៀតដែលអាចបង្កើនភាពស្និទ្ធស្នាលជាមួយកូនៗ និងជួយកាត់បន្ថយការលេងទូរសព្ទរបស់ពួកគេ។ ចំពោះសកម្មភាពនោះផងដែរមានដូចជាលេងបាល់ទាត់ជាមួយប៉ា ហែលទឹក និងគូរគំនូរជាមួយម៉ាក់ ឬក៏បង្កើតជាកម្មវិធីជួបជុំអាហារពេលល្ងាចតូចសម្រាប់ពួកគេ។

៣. ដំណើរកម្សាន្តដើម្បីស្គាល់ធម្មជាតិ

ការដើរលេងទៅកន្លែងដែលមានធម្មជាតិដូចជាភ្នំ ឬសមុទ្រជាដើមអាចជួយកុមារឱ្យបញ្ចេញការស្រមើស្រមៃ និងបង្កើនការអភិវឌ្ឍខួរក្បាលរបស់ពួកគេបានយ៉ាងល្អ។ ក្នុងករណីបើអាណាព្យាបាលមិនសូវមានពេលវេលាច្រើនក៏នាំពួកគេទៅសួនកម្សាន្តក្បែរផ្ទះ ឬសួនសត្វនៅជាយក្រុងក៏បាន។

៤.ផ្តល់គំរូល្អៗដល់កូនៗ

យើងសង្កេតឃើញថា អាណាព្យាបាលភាគច្រើនពិតជាញៀនជាមួយនឹងការលេងទូរសព្ទដៃខ្លាំងមែនទែន។ ហើយវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលកូនៗមិនសូវមានទំនាក់ទំនងល្អជាមួយពួកគេដោយសារក្មេងៗបានតម្រាប់តាមអាកប្បកិរិយា និងទម្លាប់រស់នៅរបស់មនុស្សពេញវ័យជាគំរូស្រាប់នោះ៕

ប្រភព៖ Parentcircle